នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី មានរៀបចំពិធីសម្ភោធជាផ្លូវការសមាគមវារីវប្បករកម្ពុជា ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងស្ថានទូតសហរដ្ឋអាមេរិក វារីវប្បករ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកសុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវារីវប្បករកម្ពុជា ចំណាប់អារម្មណ៍របស់លោក Jim Hershey នាយកគម្រោង CAST (សមាគមសណ្តែកសៀងសហរដ្ឋអាមេរិក) និងមតិរបស់លោកស្រី Laura Cizmo អនុប្រធានការិយាល័យសន្តិសុខស្បៀង និងបរិស្ថាននៃទីភ្នាក់ងារជំនួយអាមេរិក (USAID) ដែលបានរំលេចឲ្យឃើញអំពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្ម ដែលគម្រោងនេះទទួលបានហិរញ្ញប្បទានពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ហើយវាកំពុងតែអនុវត្តដោយបានផ្តល់ផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះគឺបានបង្ហាញពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធឆ្លើយតបតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភា វូបនីយកម្ម និងពាណិជ្ជូបនីយកម្មនៃវិស័យវារីវប្បកម្មនៅកម្ពុជានាពេលអនាគត។ ព្រមជាមួយគ្នានេះដែរ ការបង្កើតសមាគមនេះឡើងស្របតាមគោលការណ៍របស់ក្រសួងក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយទាំងនីតិវិធីច្បាប់ បច្ចេកទេសផលិត ការងាររដ្ឋបាល និងហិរញ្ញវត្ថុដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញឲ្យមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាតួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយ ចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ្-១៩។ សំខាន់ជាងនេះទៅទៀតគឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ថាវារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួមសាមគ្គីគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត និងហិរញ្ញវត្ថុការប្រាក់ទាប។
ភ្ជាប់ទៅនឹងពិធីនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹងជូនអង្គពិធីជ្រាបថា គិតមកទល់ពេលនេះ រដ្ឋបាលជលផលជួយសម្របសម្រួលបង្កើតសហគមន៍នេសាទបានចំនួន ៥១៦ (ទឹកសាប ៤៧៥ និងសមុទ្រ ៤១)។ បង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៦៧៧ បង្កើតស្រះជម្រកត្រីសហគមន៍ចំនួន ៨៩៥ បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីបានចំនួន ៣០៩ ក្នុងនោះ ២៦៩កន្លែងជារបស់កសិករ។ បច្ចប្បន្ននេះ មានវារីវប្បករសរុបចំនួន ៤៦ ០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្ប កម្មក្នុងស្រះសរុបចំនួន ៤១ ៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែមានចំនួន ៤ ០៦១។ បណ្តុំវារីវប្បកម្មទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា ដោយសារកំណើននៃសេចក្តីត្រូវការផលចាប់ត្រីទាំងទឹកសាប និងសមុទ្រ ចាំបាច់ទាមទារឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគមវារីវប្បករបង្កើនសមត្ថភាពចិញ្ចឹម បង្កាត់ពូជ ផលិតចំណី ថែរក្សា ការពារ និងអភិរក្ស ដើម្បីលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ។ ឆ្លើយតបតាមការចាំបាច់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យសមាគមត្រូវបន្តជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០”។ លើកកម្ពស់ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្ម។ ត្រូវបង្កើនចំនួនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីដើម្បីធានាការផ្គត់ផ្គង់ពូជត្រី និងផ្សព្វផ្សាយបច្ចេកវិទ្យាសមស្របដល់វារីវប្បករឱ្យបានទូលំទូលាយ។ ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទដែលបានបង្កើតរួចឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើស ព្រមទាំងត្រូវពង្រឹងការ គ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលឱ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវរួមគ្នាថែរក្សា ការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។ សមាគមវារីវប្បករត្រូវបន្តកិច្ចសហការជាមួយរដ្ឋបាលជលផលក្នុងស្មារតីទទួលខុសត្រូវ។