កាលពីដើមសប្ដាហ៏នេះលោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះទៅពិនិត្យស្ថានភាព ស្រូវប្រាំង និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំតាសួសស្រុកស្វាយជ្រុំ ដែលកំពុងលូតលាស់ល្អ។
កន្លងទៅ ប្រជាជននៅទីនោះពុំដែលធ្វើស្រូវប្រាំងទេ។ ប៉ុន្ដែបន្ទាប់ពីមានទំនប់ទឹកមួយ ដែលមានឈ្មោះថា អូរស្មាច់ ប្រជាជនបាននាំគ្នាធ្វើស្រែប្រាំងជាលើកដំបូងឆ្នាំនេះ ។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង បានជម្រាបជូន លោករដ្ឋមន្ដ្រីថាប្រជាជននៅតំបន់នេះ មិនដែលធ្វើស្រែប្រាំងទេ ទើបតែនាពេលនេះក្រោយពីធ្វើទំនប់អូរស្មាច់រួច ទើបប្រជាជនខ្លះបានធ្វើស្រែប្រាំង។ ស្រែប្រាំងនេះគឺជាការចាប់ផ្ដើមជាលើកដំបូងនៅទីនេះ។
នៅចំពោះមុខកសិករជាច្រើននាក់ លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានសម្ដែងនូវសេចក្ដីរីករាយដល់ប្រជាជនដែលឧស្សាហ៏ព្យាយាម ហើយចាប់ផ្ដើមធ្វើស្រែប្រាំងនាពេលនេះ។
លោកក៏បានកោតសរសើរផងដែរ ដល់មន្ទីរកសិកម្មខេត្តស្វាយរៀង ដែលបានខិតខំផ្សព្វផ្សាយបច្ចេកទេសធ្វើស្រែប្រាំង តាមរយះការធ្វើស្រែបង្ហាញជូនប្រជាកសិករ ដើម្បីពួកគាត់អនុវត្តតាម។
លោករដ្ឋមន្ដ្រីបានជូនយោបល់ទៅកសិករថា ការធ្វើស្រែមិនសំខាន់លើរដូវវស្សាឬក៏ប្រាំងនោះទេ។ប៉ុន្ដែចំណុចសំខាន់នោះ គឺនៅពេលដែលមានប្រភពទឹកនោះគឺយើងអាចធ្វើស្រែបានហើយ ។ មានទឹកត្រូវមានស្រូវ និងមានដំណាំ។ធ្វើយ៉ាងណាប្រើប្រាស់ផ្ទៃដីដែលមានឱ្យអស់លទ្ឋភាពកុំឱ្យទុកដីនៅទំនេរ ខណៈដែលយើងអាចធ្វើការដាំដុះបាន ។លោកក៏បានធ្វើការពន្យល់ដោយវិធីសាមញ្ញទាក់ទងទៅនឹងការប្រើប្រាស់អនុវត្ដនូវវិធីថ្មីដែលចំណាយពូជតិច, របៀបថែទាំរបៀបប្រើប្រាស់ជី។ល។
លោកក៏ស្នើសូមឱ្យមន្ទីរកសិកម្មខិតខំផ្សព្វផ្សាយបន្ថែមទៀតពីការធ្វើស្រូវប្រាំង ជាពិសេសនៅកន្ឡែង ដែលមានប្រភពទឹកនិងសូមឱ្យប្រជាជនចូលរួមធ្វើស្រែប្រាំងឱ្យបានច្រើន។ ប្រសិនបើមិនធ្វើស្រែប្រាំងនោះសូមឱ្យកសិករដាំបន្លែឬដំណាំផ្សេងៗ ព្រោះបច្ចុប្បន្នយើងម្ចាស់ការបានលើស្រូវប៉ុន្ដែយើងមិនទាន់ម្ចាស់ការបានទាំងស្រុងលើបន្លែនៅឡើយទេ។
មន្ទីរកសិកម្មខេត្តធ្វើជាអ្នករៀបចំសម្របសម្រួលឱ្យប្រជាកសិករទូទាំងខេត្តបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៏ ដោយមានកិច្ចសហការចូលរួមពីនាយកដ្ឋានដំណាំស្រូវរបស់អគ្គនាយកដ្ឋានកសិកម្ម។ដោយឡែកអធិការដ្ឋានរដ្ឋបាលជលផលធ្វើការរៀបចំទំនប់អូរស្មាច់នេះធ្វើជាកន្លែងអភិរក្សពូជត្រីហើយដែលអាចឈានទៅដល់ការបង្កើតសហគមន៏ដើម្បីធ្វើការគ្រប់គ្រងធនធានត្រីទាំងនេះ៕