ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្ដម Philippe Le Gall ឯកអគ្គរដ្ឋទូតនៃប្រទេស Seychelles ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៉េកាំង។ គោលបំណងសំខាន់នៃជំនួបសវនាការនោះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យកសិកម្ម ជលផល និងការការពារធនធានធម្មជាតិ។
ភាគីទាំងពីរបានផ្ដោតជាពិសេសទៅលើការពិនិត្យ និងផ្លាស់ប្ដូរ យោបល់ អំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងផ្នែកពាក់ព័ន្ធហើយ ដែល MOU នេះអាចចុះហត្ថលេខាបាន ក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងការបរទេស Seychelles នឹងដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានទទួលយកសេចក្ដីព្រាងចុងក្រោយដែលភាគី Seychelles បានធ្វើនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ហើយជម្រាប ជូនថានឹងពិនិត្យ ហើយឆ្លើយតបតាមផ្លូវការទូត ក្នុងពេលដ៏ឆាប់តាមដែលអាចធ្វើបាន។
សូមជម្រាបជូនថា កិច្ចសវនា ការនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។
ដើម្បីផលប្រយោជន៍នៃប្រទេសទាំង ២ ឯកឧត្ដមឯកអគ្គរដ្ឋទូតបាន ស្នើភាគី កម្ពុជាពិចារណាអំពីការបញ្ជូន បេសកកម្មបច្ចេកទេសដើម្បីសិក្សា និងចងក្រងជាផែនការសកម្មភាពជាក់លាក់ជាអា*** ៖
-លទ្ធភាពក្នុងការអនុវត្ដកិច្ចសហប្រតិបត្ដិការ ដោយភាគី Seychelles ចង់បានអ្នកបច្ចេកទេសកម្ពុជាជួយ ផ្ដល់ការគាំទ្រដើម្បីបង្កើនផលិតកម្មកសិកម្ម ដោយសារស្បៀងអាហារ ជាពិសេសបន្លែ និងផ្លែឈើ ប្រមាណ ៩០% ត្រូវបាននាំចូលពីបរទេស ។
-ជាទូទៅ ប្រជាពលរដ្ឋនៃប្រទេសនេះបរិភោគបាយជាប្រចាំ ដូច្នេះការនាំចេញកសិផលកម្ពុជា ជាពិសេស អង្ករ ទៅកាន់ប្រទេស Seychelles គឺជានិច្ចកាលមួយមានសារៈសំខាន់។
-ការប្រើប្រាស់ប្រទេស Seychelles ជាច្រកសម្រាប់នាំចេញកសិផល ទៅកាន់ទីផ្សារអាហ្វ្រិក ។
-ការរៀនសូត្រអំពីវិស័យសក្ដានុពលមួយចំនួនដែលប្រទេស Seychelles មានដូចជាការអភិវឌ្ឍបៃតង ការអភិវឌ្ឍតំបន់ឆ្នេរ ការការពារធនធានធម្មជាតិ ការគ្រប់គ្រងការនេសាទ និងជលផល ។ល។
ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានរំលេចផងដែរថា នឹងស្នើឱ្យអាជ្ញាធរពាណិជ្ជកម្មនៃប្រទេស Seychelles មក សិក្សាអំពីលទ្ធភាពអនុវត្ដកិច្ចសហប្រតិបត្ដិការ ជាពិសេសការទិញ និងនាំចូលកសិផលពីកម្ពុជា ដោយសារឯកឧត្ដម បានសង្កេត និងវាយតម្លៃជាវិជ្ជមានថាភាគីកម្ពុជាមានភាពទន់ភ្លន់ និងមានឆន្ទៈខ្ពស់ក្នុងការអនុវត្ដកិច្ចសហប្រតិបត្ដិ ការហើយក៏មានលក្ខខណ្ឌអំណោយផលយ៉ាងល្អប្រសើរសម្រាប់ Seychelles ។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រីបានអបអរសាទរ និងយល់ស្របចំពោះគំនិតទាំងឡាយដែលឯកឧត្ដមទូតបានលើក ឡើង ហើយបានជម្រាបជូនថា នឹងយកចិត្ដទុកដាក់ជំរុញឱ្យមានការអនុវត្ដកិច្ចសហប្រតិបត្ដិការនេះឱ្យចេញជាផ្លែផ្កាជាក់ស្ដែង ។
កិច្ចសវនាការនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្ដិការខ្ពស់។