នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។ ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះឯកឧត្តម Zaheeruddin Babar Thaheem ដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយចំពោះជំនួបនារសៀលថ្ងៃនេះ គឺដើម្បីកសាងកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។ លើប្រធានបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ និងការគាំទ្រទាំងលើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។ ឯកឧត្តមបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថានក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ ហេតុនេះ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីជូនពរអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញជាផ្លែផ្កាដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរប្រកបដោយចីរភាព និងនិរន្តរភាព។