នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងពិធីនេះ ក៏មានឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមអភិបាលរងខេត្តរតនគីរី ខេត្តក្រចេះ តំណាងក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម អាជ្ញាធរ មូលដ្ឋាន បុគ្គលិក កម្មករយ៉ាងច្រើនកុះករ។
លោកង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ បានអានមតិស្វាគមន៍ និងរាយ ការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលក្រុមហ៊ុននីមួយសម្រេចបានតាំងពីចាប់ផ្តើមវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរហូចមកទល់បច្ចុប្បន្ន ជាពិសេសនោះគឺទាក់ទងនឹងវឌ្ឍនភាព នៃផលិតកម្មពហុដំណាំ និងដំណើរការនៃការនាំចេញចេកអំបូងលឿងស្រស់ចេញទៅកាន់ទីផ្សារ ចិននាពេលនេះ។ លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហ.ត ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហ.ត ក្នុងនោះជាង ៣ពាន់ហ.ត កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ដាគឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់ ដែលមកពីតំបន់នេះ និងមកពីខេត្តជាប់រតនគីរី។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ ១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោន/ឆ្នាំ។ លោកអគ្គនាយកបានសម្តែងនូវសុទិដ្ឋិនិយមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោន/ឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកា នាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់។ លោកអគ្គនាយកបានបន្ថែមថាក្រៅពីការងារអាជីវកម្មដែលជាកម្មវត្ថុចំបងនៃការវិនិយោគ ក្រុមហ៊ុនក៏គិតគូយកចិត្តទុកដាក់ផងដែរលើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិក កម្មករផងដែរ។
បន្ទាប់មក ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានកសិកម្មបានរាយការណ៍ជូនអង្គពិធីជ្រាបអំពីដំណើរការនៃការចរចារ នីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យជាមួយភាគីចិនមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញជាមួយអគ្គនាយកដ្ឋានគយនៃសាធាមរណ:រដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៩ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារចិន។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងប្រមូលផលរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យដែលស្តែងចេញឲ្យឃើញនូវសមិទ្ធផលដូចយើងបានទទួលនាថ្ងៃនេះ។ លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋា ភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិនដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៤ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ អ្វីដែលសំខាន់នោះគឺ នាយកដ្ឋានគយចិនក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន។ ភ្ជាប់ទៅនឹងការវិនិយោគនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។
ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរ និងគាំទ្រដល់ពិធីសម្ពោធរោងចក្រវេចខ្ខប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនទាំង៤ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើមដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។ ក្នុងខណ: នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់រវាងក្រុមហ៊ុនទាំង៤ ជាក្រុមហ៊ុនចិនដែលជាអ្នកទទួលទិញ។