ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងនូវបដិសណ្ឋារ កិច្ចយ៉ាងកក់ក្ដៅចំពោះឯកឧត្ដម CHRISTOP BURGENER ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស ក្នុងជំនួបសវនាការ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ កន្លងមកនេះ ដោយ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ ធជាមួយប្រទេសស្វីសទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដើ់ម្បីគាំទ្រដល់គោលនយោបាយ ក៏ដូចជាយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ។
ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលស្វីសក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា ជា ពិសេស លើកិច្ចសហប្រតិបត្ដិការក្នុងវិស័យកសិកម្មតែម្ដង។ ឯកឧត្ដម បានបញ្ជាក់ថា ស្ថានទូតបានបង្កើតការិយាល័យ របស់ខ្លួនដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការនិងអភិវឌ្ឍន៍សម្រាប់ជំនួយរបស់ស្វីសនៅក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំ ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ដាអង្គភាពក្រោមឱវាទ ក្រសួង ដូចជារដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលជាដើម។
ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ផងដែរថា ទីភ្នាក់ងារ អភិវឌ្ឍន៍ស្វីសបានរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍កសិកម្មសម្រាប់ប្រទេសកម្ពុជា ដោយផ្ដោតលើការធ្វើពិពិធភាវូបនីយកម្ម កសិកម្ម ការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធានធម្មជាតិព្រៃឈើនិងជលផល និងជ្រើសរើសទីតាំងខេត្ដគោលដៅចំនួន៤គឺ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្ដក្រចេះ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត និង សហការី ដែលបានយកចិត្ដ ទុកដាក់ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយឯកឧត្ដមក៏បានគាំទ្រជាវិជ្ជមាន ដល់ការជ្រើសរើសយកទីតាំងខេត្ដទាំង៤ ដើម្បីចូលរួមអនុវត្ដយុទ្ធសាស្ដ្រដែលបានលើកឡើងខាងលើព្រមទាំងបានគូស បញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ ស្វីសដើម្បីបន្ដនូវប្រពៃណីនៃកិច្ចសហប្រតិបត្ដិការល្អដែលមានជារៀងរហូតមក។
កិច្ចសវនាការនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ ស្និិទ្ធស្នាល និងកិច្ចសហប្រតិបត្ដិការខ្ពស់។