កម្មវិធីទី ៥៖
នាវេលាម៉ោង ១២:០០ ថ្ងៃត្រង់ ឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យចំការបន្លែរបស់កសិកររស់នៅភូមិបឹងព្រីង ឃុំព្រែតូច ស្រុកម៉ោងឫស្សី ដែលជាជំនួយឧបត្ថម្ភគាំទ្រពីគម្រោង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។
លោក ជា តាត់ ដែលជាកសិករគំរូកំពុងទទួលការឧបត្ថម្ភគាំទ្រទាំងគម្រោង និងមន្ត្រីជំនាញ បានបញ្ជាក់ទាំងក្នុងសេចក្តីរីករាយថា បច្ចុប្បន្នកម្រិតជីវភាពរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគាត់មានលទ្ធភាពអាចរកចំណូលបានជាង ៨លានរៀល ពីការដាំដុះបន្លែក្នុង ០១ឆ្នាំ ហើយបន្ថែមពីនេះគឺ គាត់ទទួលបានចំណូលជាង ២០លានរៀលទៀតពីដំណាំស្រូវ ដែលទទួលបានទឹកគ្រប់គ្រាន់ពីប្រឡាយដែលទទួលទឹកពីទំនប់បញ្ចាល់កង្ហត។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លទ្ធផលនេះទទួលបានមកពីឆន្ទៈ មោះមុតរបស់ប្រជាកសិករយើង រួមជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។ ជារួម ចំណូលរបស់កសិករគំរូម្នាក់នេះ បានបង្ហាញថា ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ គឺពិតជាអាចសម្រេចបាន ហើយប្រជាជនយើងកំពុងឈានឆ្ពោះទៅសម្រេចជាបណ្តើរៗ ប្រកបដោយប្រសិទ្ធភាព។