អញ្ជើញចេញពីស្រុកព្រះនេត្រព្រះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករ ស្ថិតក្នុងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។ ក្នុងការជួបសំណេះសំណាលជាមួយសមាជិកសហគមន៍នៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលព័ត៌មាន និងសំណូមពរ អំពីការលំបាក លក្ខណ:ងាយស្រួល ព្រមទាំងបញ្ហាប្រឈមនឹងទឹកជំនន់ និងរាំងស្ងួតកន្លងមក ឲ្យជួយគិតគូដោះស្រាយ។ ទទួលបានជ្រាបព័ត៌មានស្តីពីស្ថានភាពជីវភាពនិងស្ថានភាពប្រកបរបរកសិកម្ម របស់សហគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះមកពិនិត្យនិងជំរុញការងារបង្កបង្កើនផល រួមជាមួយការដោះស្រាយលើការងារបច្ចេកទេសនានា ដែលជាតម្រូវការចំពោះមុខរបស់ប្រជាកសិករ ដោយឡែកទាក់ទងនឹងការងារគ្រប់គ្រងទឹក ស្នើសុំអាជ្ញាធរមូលដ្ឋាន ធ្វើទំនាក់ទំនងជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ទឹកក្នុងសហគមន៍ឲ្យទទួលបានសុវត្ថិភាពភាពក្នុងការដាំដុះ និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់សហគមន៍។ យោងតាមរបាយការណ៍របស់មន្ទីរបានឲ្យដឹងថា ៖ គិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ការងារបង្ក បង្កើនផលនៅទូទាំងខេត្តបន្ទាយមានជ័យសម្រេចបាន ១៤៩ ៧៤០ហត ក្នុងចំណោមផ្ទៃដីភ្ជួររាស់ហើយចំនួន ១៧៧ ០២១ហត ស្នើ ៥៩,៣៥% នៃផែនការសរុប។