នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។
មានប្រសាសន៍នាឱកាសនេះ ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនដែលបានជំនួយឧបត្ថម្ភជាគ្រឿងយន្តសម្រាប់បម្រើឲ្យវិស័យកសិកម្ម ដែលជាផ្នែកមួយជួយជំរុញការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិ-ឧស្សាហកម្ម។ លោកបានបន្តទៀតថា ជំនួយដ៏មានតម្លៃនេះ វានឹងចូលរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពការងារ ចំណេញពេល និងពលកម្ម ជាពិសេសចូលរួមលើកកំពស់ការធ្វើទំនើបកម្មកសិកម្មតាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មដើម្បីបង្កើនសមត្ថភាពផលិត ធានាទាំងបរិមាណផ្គត់ផ្គង់ និងគុណភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែជំរុញយ៉ាងសកម្មចលនាបង្កបង្កើនផលដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:ក្រុមហ៊ុន បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជំរុញ និងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលការវិនិយោគនេះជាផ្នែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យនេះឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ហើយលោកសង្ឃឹម និងជឿជាក់ក្រុមហ៊ុននឹងជួយផ្គត់ផ្គង់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទក្នុងតម្លៃសមរម្យអាចទទួលយកបាន។
សូមជញ្ជាក់ជូនថា គ្រឿងយន្តកសិកម្មដែលទទួលបានមាន៖ ត្រាក់ទ័រ ៣គ្រឿង គ្រឿងយន្តប្រមូលពោត ០១ គ្រឿងយន្តរាស់ដី ០១ គ្រឿងយន្តដាំគ្រាប់ ០២ គ្រឿងយន្តសាបគ្រាប់ ០២ Droon ០១ គ្រឿងយន្តសណ្តោង ០១ និង Round Baker ០២។