នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តកំពង់ចាម ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី។ កម្មវិធីសម្រាប់ថ្ងៃនេះមានដូចខាងក្រោម៖
កម្មវិធីទី១៖
ចុះពិនិត្យប្រព័ន្ធស្រោចស្របរបស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង
នៅភូមិត្រពាំងក្រសែកើត ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្នសហគមន៍មានផ្ទៃដីដាំបន្លែសរុប ៥ហត (បន្លែស្ពៃគ្រប់ប្រភេទ សាលាដ ត្រប់ ម្ទេស ត្រសក់ ពោតបារាំង)។ល។ ហើយកំពុងរៀបចំពង្រីកផ្ទៃដីបន្លែម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ តាមរយ:ប្រព័ន្ធស្រោចស្រពនេះ បងប្អូនប្រជាសហគមន៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានវិស្វកម្មកសិកម្មជាសេនាធិការ មកជួយតម្លើងប្រព័ន្ធស្រោចស្រព បង្កលក្ខណងាយស្រួលដល់ការដាំដុះបន្លែ បង្កើនរដូវដាំដុះពេញមួយឆ្នាំ។
ពិនិត្យឃើញដំណាំបន្លែកំពុងរីកលូតលាស់ ទទួលបានផល ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ទាំង ៦៥គ្រួសារ ប្រកាន់ យករបរដាំបន្លែ ជាការងារស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ ដោយចាប់ផ្តើមពីប្រើកំលាំងរែកទឹកស្រោចបន្លែ ប៉ុន្តែបច្ចុប្បន្នសមាជិកដាំបន្លែដោយប្រើប្រព័ន្ធសាច ទុយោស្រោច និងដំណក់ស្រោចបន្លែជំនួសវិញ។ បច្ចេកទេសស្រោចស្រពដំណាំបន្លែនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទាមទារចង់បាន មិនតែប៉ុណ្ណោះក៏គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើបដិវត្តផលិតកម្មបន្លែកម្ពុជាឲ្យមានលក្ខណទំនើប ប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារគឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមលែងកូនត្រីក្រាញ់ និងត្រីឆ្ពិនចំនួន ៨ ០០០ ក្បាលចូលក្នុងស្រះសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់មន្រ្តីគម្រោងសម្រេចទទួលបានលទ្ធផលដ៏ល្អប្រសើរ និងបានណែនាំឲ្យនាយកដ្ឋានពង្រីកសកម្មភាពគម្រោងឲ្យបានដល់គ្រប់សហគមន៍ ឬបណ្តុំផលិតបន្លែនៅទូទាំងប្រទេស។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរខេត្តចុះជួយការងារបច្ចេកទេសបន្ថែម ដើម្បីរក្សាបាននូវគុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។
តាមរបាយការណ៍របស់នាយកដ្ឋានវិស្វកម្មកសិកម្មឲ្យដឹងថា ដោយទទួលបានការណែនាំពី ឯកឧត្តមរដ្ឋមន្ត្រីក្រុមការងារបច្ចេកទេសបានចុះមកអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពសាចស្វ័យប្រវត្តិជូនសហគមន៍ នៅក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាលអស់ចំនួនជាង ២០០ ០០០ដុល្លារ។ ដើមឆ្នាំ២០២១ នេះគម្រោងសម្រេចបានលទ្ធផលដូចខាងក្រោម៖
- តបណ្តាញអគ្គីសនីចូលក្នុងទីតាំងដាំបន្លែរបស់សហគមន៍
- តម្លើងស្ថានីយ៍បណ្តែតក្នុងស្រះសហគមន៍ និងបំពាក់ម៉ូទ័របូមទឹក ៥៦ម³/ម៉ោង ចំនួន ២ម៉ូទ័រ
- តម្លើងអាងស្តុកទឹកបេតុងចំណុះ៣០ម៉ែត្រគូប និងបំពាក់ម៉ូទ័រសម្ពាធ ៤២ម³/ម៉ោង ចំនួន ២ម៉ូទ័រ
- ជីកស្រះទំហំ ៦០ម x ២២០ម x ៥ម
- តម្លើងទុយោមេ PE មុខកាត់ ១១០មម ប្រវែង ៩១០ម
- តម្លើងរេហ្គែរ និងវ៉ានសម្រាប់បើកបិទលាងកករដីចំនួន ៤កន្លែង
- បំពាក់កុងទ័រទឹកលេខ៤០ វ៉ានបិទបើក តេ និងទុយោ ចំនួន ៦២ឈុត។