ស្រះទឹកដ៏ធំបង្គួរមួយ និងអង្ករជិត៥តោន ដែលជាអង្ករពលកម្មត្រូវបានសម្ពោធ និងផ្តល់ជូនដល់ប្រជាជនភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ កាលពីដើមសប្តាហ៍កន្លងទៅនេះ។
ស្រះនោះមានទំហំ៣០ម៉ែត្រ គុណនឹង២៥ម៉ែត្រ និងជម្រៅ១,៥ម៉ែត្រ។ ចំណែកអង្ករពលកម្ម មានចំនួន៤,៨២៨តោន។ ប្រជាជនក៏បានទទួលនូវផ្លែចបកាប់ចំនួន៣០៣ផ្លែផងដែរ សម្រាប់៣០៣គ្រួសារដែលមកចូលរួម។
លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលអញ្ជើញចូលរួមនៅក្នុងពិធីនេះ បានសម្តែងនូវការអបអរសាទរជាមួយប្រជាជន ដែលទទួលបានប្រភពទឹកថ្មីមួយទៀតនៅក្នុងមូលដ្ឋាន។
លោកបានកត់សម្គាល់ថា ថ្វីតែការជីកស្រះនេះបានទទួលនូវអង្ករ ពលកម្មក៏ពិតមែន បើពុំមានការចូលរួមរបស់ប្រជាជនទេ ពិតជាពុំអាចសម្រេចជារូបរាងស្រះទឹកនេះឡើយ។ លោកសំណូមពរឱ្យប្រជាជនបន្តស្មារតីនេះ និងប្រឹងប្រែងបន្ថែមទៀតប្រយោជន៍ដើម្បីជំរុញ ផលិតកម្មកសិកម្ម និងការទទួលបាននូវជីវភាពកាន់តែប្រសើរឡើង។
លោកបានបញ្ជាក់ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំរចនាសម្ព័នទឺកជំរុញ វិស័យកសិកម្ម ដែលជាវិស័យសំខាន់ក្នុងការធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបាន អំពាវនាវដល់អ្នកភូមិឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹក។ តាមគ្រួសារត្រូវតែមានស្រះទឹក ស្រះ ទឹកភូមិ ស្រះទឹកសហគមន៍។ ពោលយ៉ាងហោចសហគមន៍មួយគួរតែមានស្រះទឹកសហគមន៍មួយ ដើម្បីបម្រើឱ្យការប្រើប្រាស់ការចិញ្ចឹមសត្វការធ្វើកសិកម្មផលដែរ។ លោករដ្ឋមន្ត្រីក៏បានប្រាប់ដល់កសិករអំពីអ្វីដែលត្រូវត្រៀមលក្ខណៈសម្រាប់ការបង្កបង្កើនផល នៅក្នុងឆ្នាំនេះ៕