នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូតថ្មី ក្នុងបេសកកម្មបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើការកែច្នៃស្រូវអង្ករទៅប្រទេសម៉ាឡេស៊ី។
នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីសហការរួមគ្នា ឈានទៅផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគមកវិនិយោគលើផ្នែកកែច្នៃ វេចខ្ចប់ស្រូវអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជាមានកសិផលជាច្រើនទៀត ដែលមានគុណភាពល្អប្រណិត (Premium) ដោយមិនប្រកួតលើបរិមាណនោះទេ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពី ព្រែកជីកហ្វូណនតេជោ ដែលមានអត្ថប្រយោជន៍យ៉ាងច្រេីនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ក្នុងការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ធារាសាស្ត្រ វារីប្បកម្ម ជាពិសេសជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា៕