នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ លោកឧកញ៉ា ហេង ឡុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាបច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងដាំដុះដំណាំចេកចំនួន ១ ០០០ហត ក្រូចថ្លុងចំនួន ៧៨ហត មៀនប៉ៃលិន ២៤០ហត ទុរេន ១៤៥ហត និងខ្នុរការុត ១២៥ហត។ ចម្ការនីមួយៗ ត្រូវបានរៀប ចំឡើងតាមលក្ខណៈបច្ចេកទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូលផលចេញពីចំការ កន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេកអំបូងលឿងចំនួន ២២ ៧៦២ត ក្នុងនោះទៅកាន់ទីផ្សារវៀតណាម ១៤ ៤១៤ត និងទីផ្សារចិន ៨ ៣៤៨ត។ ក្រៅពីដំណាំ ក្រុមហ៊ុនបានបង្កើតរោងចក្រផលិតជីសរីរាង្គដែលមានសមត្ថភាពផលិតក្នុងមួយថ្ងៃបាន ១៥០ត ដោយប្រើ ប្រាស់វត្ថុធាតុដើមក្នុងស្រុក (លាមកសត្វ កន្ទក់ សំណល់ពីចំការឈើហូបផ្លែ កាកអំពៅ ស្រាបៀរ) សម្រាប់ប្រើប្រាស់ក្នុងចំការផ្ទាល់ និងលក់ចែកចាយក្នុងស្រុក។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់ ឧបសគ្គ នានារហូតសម្រេចទទួលបានជោគជ័យ ដែលភាពជោគជ័យនេះ ស្តែងចេញឱ្យឃើញ តាមរយ:សមិទ្ធផលដូចយើងបានឃើញនាថ្ងៃនេះ។ លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះភាគីពាក់ព័ន្ធ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូល រួមចំណែកធ្វើឱ្យគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឈានមកដល់ថ្ងៃនេះ។ ភ្ជាប់ទៅនឹងគម្រោងវិនិយោគនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃ ប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរឱ្យក្រុមហ៊ុន បន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអគ្គនាយកដ្ឋានកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។ លោកក៏បានសម្តែងការគាំទ្រផងដែលចំពោះក្រុមហ៊ុន ដែលបានបង្កើនរោងចក្រផលិតជីសរីរាង្គ ព្រោះវាបានចូលរួមប្រើប្រាស់វត្ថុធាតុដើម និងពលកម្មក្នុងស្រុក កាត់បន្ថយការប្រើជីគីមី និងលើកកម្ពស់គុណភាពផលិតផលសរីរាង្គដែលកំពុងមានការពេញនិយមទាំងនៅលើទីផ្សារក្នុង និងក្រៅប្រទេស។