នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ២ រសៀល ថ្ងៃព្រហស្ប៍ ១០កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី " ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់" ជាមួយគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការមួយចំនួន នៃព្រឹទ្ធសភា។
កិច្ចព្រមព្រៀងនេះមានបំណងប្រើប្រាស់យន្តការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានការជួយឧបត្ថម្ភពីប្រទេសបី គឺសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនឲ្យប៉ះពាល់ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកគឺធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ។ ជាក់ស្តែងនៅឆ្នាំ២០០៧-២០០៨ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥-២០១៦ ទទួលបាន ២១០តោន ឆ្នាំ២០១៨-២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២០២០ កន្លងមកបានទទួល ៣០០តោន សម្រាប់យកមកចែកជូនឲ្យ បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។
អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងបានឯកភាពយល់ព្រមដាក់ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់" ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភាលើកទី៧ និតិកាលទី៤ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។