នៅរសៀលថ្ងៃដដែល នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម និងសហការីចូលជួបសម្តែងការគួរសម រាយការណ៍អំពីលទ្ធផលដែលទទួលបានពីសិក្ខាសាលា និងពិភាក្សាការងារសំខាន់ៗមួយចំនួនទាក់ទងនឹងគម្រោងរបស់អង្គការ FAO ដែលបាននិងកំពុងអនុវត្ត និងគម្រោងផ្សេងៗទៀតដែលអង្គការនេះគ្រោងនឹងជួយដល់វិស័យកសិកម្មកម្ពុជានាពេលអនាគត។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានបំពេញតួនាទីជាតូអង្គយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេសលើគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។ តាមរយៈលោក Masahiro Igarashi ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាអង្គកា FAO នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសផ្តោតទៅលើវិស័យកសិកម្មដើម្បីធ្វើទំនើបកម្ម និងនវានុវត្តន៍ឲ្យបានល្អប្រសើរគ្រប់អនុវិស័យ ជាបន្តបន្ទាប់ ព្រោះថាវិស័យនេះគឺជាចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បីឈានទៅសម្រេចបាននូវចក្ខុ វិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
នាឱកាសនេះ លោក Masahiro Igarashi បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាអង្គកា FAO នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ស្របតាមឆន្ទះរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងទីផ្សារ និងការកាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទតាមរយៈការធ្វើការបែងចែកចំណូលដែលបានមកពីកំណើនសេដ្ឋកិច្ចជាតិ។ ម៉្យាងវិញទៀត យើងត្រូវរួមសហការគ្នាធ្វើយ៉ាងណាឲ្យសហគមន៍កសិកម្មដែលកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា តាមរយៈការប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានប្រយោជន៍យ៉ាងសមរម្យពីគោលនយោបាលអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយអភិវឌ្ឍរបស់អង្គការ FAO ផងដែរ។ លោកបានសម្តែងនូវសុច្ឆន្ទះយ៉ាងប្រាកដថាវិស័យកសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ប្រសិនបើយើងធ្វើការអភិវឌ្ឍ ឬនវានុវត្តន៍ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស រួមផ្សំនឹងកំណែរលម្អលើចំណុចខ្វះខាតមួយចំនួនទៀត លោកសង្ឃឹមនិងជឿជាក់ថាកសិផលកម្ពុជានឹងមានដាក់តាំងលក់នៅលើទីផ្សារអន្តរជាតិយ៉ាងច្រើននាពេលអនាគតយ៉ាងខ្លី។ ម៉្យាងវិញទៀត យើងគួរជួយជំរុញបន្ថែមលើការងារបណ្តុះបណ្តាលបច្ចេកទេសដល់កសិករនៅជនបទ ធ្វើយ៉ាងនេះគឺអាចជួយជំរុញនិងលើកទឹកចិត្តឲ្យពួកគាត់ឲ្យទទួលយកបច្ចេកទេសថ្មីៗទៅអនុវត្តដើម្បីបង្កើនផលិតភាពផលិតកម្ម សមស្របតាមកំណើនសមាជិកក្នុងគ្រួសារ ការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារដោយផ្អែកទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យត្រឹមត្រូវ ជាពិសេសគឺជួយកាត់បន្ថយការពឹងផ្អែងទាំងស្រុងទៅលើធនធានធម្មជាតិ (ផល អនុផលព្រៃឈើ សត្វ និងមច្ចជាតិ)។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានពីសិក្ខាសាលា ហើយនឹងបន្តគាំទ្រលើការអនុវត្តគម្រោងរបស់អង្គការ FAO ឲ្យសម្រេចបានជោគជ័យដូចការរំពឹងទុក។ តាមរយៈ លោក Masahiro Igarashi ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាអង្គការនេះនឹងធ្វើការពិនិត្យពិចារណាផ្តល់ថវិកាដើម្បីជួយលើផ្នែកគុណភាព និងសុវត្ថិភាព កសិផលកម្ពុជាសមស្របតាមត្រូវការទីផ្សារអន្តរជាតិ ដោយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន។