នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ផលិតកម្មសត្វស្វាក្តាម និងជំងឺស៊ូណូស៊ីស ដែលប្រព្រឹត្តនៅ សណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយតំណាងក្រុមហ៊ុន SNBL លោកអភិបាលរង ខេត្តសៀមរាប និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនូវបទពិសោធនៃការចិញ្ចឹមសត្វស្វាក្តាម វិធីសាស្រ្តការពារ និងវិធីព្យាបាលជំងឺសូណូស៊ីស។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាមសម្រាប់ធ្វើការនាំចេញ ហើយមកដល់បច្ចុប្បន្ននេះមានកសិដ្ឋានចំនួន៧ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ។ ក្នុងអំឡុងឆ្នាំ២០០១ ដល់ ២០១០ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានចុះធ្វើការសិក្សាស្រាវជ្រាវនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីប្រមូលព័ត៌មានអំពីវត្តមាន របាយរស់នៅ ស្ថានភាព ទីជម្រក ការគំរាមកំហែង និងដង់ស៊ីតេរបស់ស្វាក្តាម ដើម្បីពិនិត្យលទ្ធភាពនៃការអនុញ្ញាតឲ្យទាក់ចាប់ប្រមូលនាំចូលមកចិញ្ចឹម និងបង្កាត់ពូជនៅក្នុងកសិដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា ការជំរុញផលិតកម្ម និងសុខភាពសត្វ ការគ្រប់គ្រងធនធានធម្មជាតិ និងសត្វព្រៃប្រកបដោយនិរន្តភាព គឺជាកម្មវិធីអាទិភាពពីរនៃកម្មវិធីអភិវឌ្ឍន៏វិស័យកសិកម្មទាំង ប្រាំដែលរួម ចំណែកក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈនៃសិក្ខាសាលានាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុន SNBL និងនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល ហើយដើម្បីឲ្យដំណើរការនៃសិក្ខាសាលាកាន់តែទទួលបាននូវផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យអង្គប្រជុំផ្តោតការយក ចិត្តទុកដាក់ទៅ លើចំណុចសំខាន់ៗមួយចំនួនដូចជាៈ
1. ជំរុញអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចំនួនសត្វ ខ្សែចង្វាក់ផលិតកម្ម និងរាយការណ៏ពីស្ថានភាពផលិតកម្មប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវ
2. រដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ជំរុញទីផ្សារនាំចេញ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌបច្ចេកទេសក្នុងការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យមុននាំចេញ
3. ពង្រឹងការបណ្តុះបណ្តាលដល់និស្សិត និងការស្រាវជ្រាវវិទ្យាសាស្រ្ត
4. រក្សានិងកត់ត្រាអត្តសញ្ញាណប្រភពដើមសត្វ
5. រដ្ឋបាលព្រៃឈើ ត្រូវអនុវត្ត និងពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការចាប់ស្វាក្តាមពីព្រៃធម្មជាតិ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តចំពោះវិស័យឯកជន ក្នុងការវិនិយោគលើការផលិតចំណីសត្វ ក្នុងទ្រង់ទ្រាយមធ្យម និងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វគ្រប់ប្រភេទ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស ពូជ ឥណទាន និងការរកទីផ្សារជូនកសិករ ការកែច្នៃផលិតផលបសុសត្វ និងផលិតផលជលផល ការបង្កើតសត្តឃាតដ្ឋាន ទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មលើបសុសត្វ និងផលិតផលមានដើមកំណើតពីសត្វ រួមទាំងផលិតផលកសិកម្ម និងជលផលផងដែរ។