នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពការងារបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងចាប់ផ្តើមភ្ជួរ រាស់ពង្រាបដី និងព្រោះស្រូវ។ ជួបជាមួយកសិករដែលជាម្ចាស់ស្រែ ប្រមាណ ៥០នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំអំពីការងារបង្កបង្កើនផល ពិសេសនោះបងប្អូនយើងដែលបានជួយបញ្ហាព្រួសរួច តែត្រូវរលួយទៅវិញដោយសារទឹកភ្លៀងជោគជាំកាលពីដើមខែឧសភា។ បច្ចុប្បន្ន ពួកគាត់បានចាប់ផ្តើមភ្ជួររាស់ និងព្រួសស្រូវឡើងវិញប៉ុន្តែខ្លះក៏ជួបបញ្ហាខ្វះពូជស្រូវ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន សិក្សាពីតម្រូវការគ្រាប់ពូជស្រូវជាក់ស្តែង រួចពិនិត្យលទ្ធភាពដោះស្រាយជូនគាត់នូវស្រូវពូជដែលមានសេសសល់ក្នុងដៃ ឲ្យបានទាន់ពេល ព្រោះការស្នើសុំទៅប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាត្រូវការពេលវេលាច្រើន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្ខេបជូនព័ត៌មានសំខាន់ៗទាក់ទងនឹងវិបត្តិ សេដ្ឋកិច្ចសកលដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន មានជាអាទិ៍៖ បញ្ហាខ្វះស្បៀង ប្រេងឥន្ទន: និងជីកសិកម្មឡើងថ្លៃ។ល។ ស្វែងយល់ពីបញ្ហានេះ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់កម្ពុជា ផ្ញើសារពីខេត្តកំពង់ធំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំ លេខ ៣០៧ សណន កសក ស្តីពី "ការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២" ឲ្យមាន ប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតត្រូវរួមគ្នាគិតគូដោះស្រាយបញ្ហាជូនប្រជាកសិករឲ្យបានទាន់ពេល ជារួម និងដោយឡែកនោះគឺការឧបត្ថម្ភពូជស្រូវក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងករណីលើសពីដែនសមត្ថកិច្ចរបស់ក្រសួង ត្រូវសហការជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្តលើកសំណើទៅគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោះស្រាយជូន កសិករបានទាន់ពេល។ គួរកាត់បន្ថយការប្រើជីគីមី មកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិវិញ កាត់បន្ថយពូជស្រូវ ប្រើពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ និងត្រូវចុះស្រែមើលថែស្រូវឲ្យបានជាប់ជាប្រចាំប្រយ័ត្នខ្យង ក្តាម និងកណ្តុរកាត់ស៊ីស្រូវ ពិសេសមើលទឹកក្នុងស្រែ។ យើងបានយល់អំពីបញ្ហាប្រែប្រួលអាកាសធាតុ ធ្វើឲ្យរបបទឹកភ្លៀងមិនទៀងទាត់ ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើមចមធ្វើឲ្យប៉ះពាល់ដល់ផលិត កម្មស្រូវ ហេតុនេះកសិករត្រូវសម្របខ្លួនឲ្យទាន់ទាំងការងារកសិកម្ម និងជីវិតរស់នៅប្រចាំថ្ងៃ។ ចំពោះការងារកសិកម្ម គួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹកដែលមានជាក់ស្តែង ដាំដំណាំ ដែលប្រើទឹកតិច ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេបើគ្មានទឹកគ្រប់គ្រាន់។ សូមកុំរំពឹងទាំងស្រុង លើដំណាំស្រូវ តែត្រូវមានដំណាំរួមផ្សំ បន្លែបង្ការ ត្រី សត្វ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃបាន។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៥ ខែមិថុនានេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចភ្ជួររាស់បានចំនួន ១០៩ ៦៣៣ហត ក្នុងនោះភ្ជួរដោយគ្រឿងយន្តចំនួន ១០៤ ២៣៦ហត និងផ្ទៃដីសំណាបសរុបចំនួន ៩១ហត។ ផ្ទៃដីព្រោះ និងស្ទូងសរុបបានចំនួន១០២ ៦៧៦ហ ស្មើ ៤៨% នៃផែនការ ២១៣ ៣០០ហត។