ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា ពិសី អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម ដើម្បីចូលរួម និងសម្របសម្រួលក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង ក្រោមអធិបតីភាព ឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមដោយ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ DVA និងគូភាគីនៃកិច្ចសន្យា មានសមាសភាពចូលរួម ចំនួន ៤៩រូប ក្នុងនោះស្រីចំនួន ៨រូប នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។ ជាលទ្ធផលគូភាគីបានចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ និងដេប៉ូ លាង ប៊ុនហ៊ាង ក្នុងបរិមាណផលិតផលដំឡូងមីស្រស់ចំនួន ៤ ០០០តោន លើផ្ទៃដីចំនួន ៦០០ហិកតា។