ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានមានប្រសាសន៏ថា ស្រុកព្រៃកប្បាសធ្វើស្រែយឺតជាងគេ បើធៀបជាមួយស្រុកដទៃទៀត ក្នុងខេត្ដតាកែវដូចគ្នា។ ឯកឧត្ដមអំពាវនាវ ឱ្យកសិករយកចិត្ដទុកដាក់ ដល់ការបង្វែរដី ទៅដាំដំណាំដែលត្រូវការទឹកតិចដើម្បីបំពេញចំណូលបន្ថែម។
ខណៈនៃការពិនិត្យស្ថានភាព បង្កបង្កើនផល នៅតំបន់រាំងស្ងួត នៅក្នុងឃុំតាំងយ៉ាប និងពិនិត្យស្ថសកម្មភាពបូមទឹក សង្គ្រោះស្រូវវស្សា នៅក្នុងឃុំពោធិ៏រំចាក ឃំស្នោរ និងឃុំបានកាមនិងជួបជាមួយប្រជាកសិករ ៧៦គ្រួសារ នៅឃុំបានកាម ស្រុកព្រៃកប្បាស កាលពីថ្ងៃទី២១ ខែកញ្ញា ឯកឧត្ដមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានថ្លែងថាស្រុកព្រៃកប្បាស បើប្រៀបធៀបទៅនឹង១០ស្រុកទៀត ក្នុងខេត្ដតាកែវ ល្បឿនបង្កបង្កើនផល នៅយឺតជាងគេ ។ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ អនុវត្ដបានលើផ្ទៃដី១១.៥៧៩ហិកតា លើផែនការ១៦.៨០០ហិកតាស្មើនឹង៦៨,៩២ភាគរយ ។
ជាមួយនឹងការលើកឡើងនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជា ឱ្យកងអន្ដរាគមន៏ម របស់អគ្គនាយកដ្ឋានកសិកម្ម នាំយកម៉ាស៊ីនបូមទឹក មុខកាត់៣តឹក ចំនួន២គ្រឿងទៀត ដើម្បីដាក់បូមសង្គ្រោះបន្ថែម និងសុំឱ្យប្រជាកសិករ មេត្ដាជួយស្ដារ និងបាស្មៅចេញពីប្រលាយទឹកធ្វើយ៉ាងណា ឱ្យបានទឹកចូលដល់ស្រែស្ទូងជួយសង្គ្រោះសន្ទូងបាន។
ឯកឧត្ដម ក៏សុំឱ្យពង្រឹងភ្លឺស្រែ ដើម្បីទប់ទឹកចិញ្ចឹមស្រូវ។ ឯកឧត្ដមបញ្ជាក់ថា មានទឹកទើបមានស្បៀង បើអត់ទឹកគឺគ្មានស្បៀង ។ កសិករត្រូវប្ដូរពូជមកប្រើពូជស្រូវស្រាលមិនប្រកាន់រដូវ ហើយលោកប្រធានមន្ទីរការិយាល័យកសិកម្មស្រុក សាកល្បងខួងអណ្ដូង ដើម្បីឱ្យបានទឹកក្រោមដីមកស្រោចស្រព។
មន្ដ្រីកសិកម្ម ត្រូវចុះពិនិត្យរកមើលកសិករស្ម័គ្រចិត្ដ ដើម្បីយកឧបករណ៏អូសសាបគ្រាប់ពូជ មកធ្វើបង្ហាញពីការកាត់បន្ថយពូជដោយ ប្រើពូជត្រឹម៦០-១០០គីឡូក្រាមក្នុងមួយហិកតា រួចអញ្ជើញកសិករផ្សេងទៀត មកចូលរួមមើល ដែលកន្លងមកប្រជាកសិករ នៅក្នុងតំបន់នេះ ធ្លាប់ប្រើពូជអស់ពី៣០-៣៥តៅសម្រាប់ស្រូវពង្រោះក្នុង១ហិកតា ។
ដើម្បីរួមសង្គ្រោះស្រូវវស្សា ឱ្យបានទាន់ពេលវេលា និងដោះស្រាយសំណូមពរប្រជាកសិករនៅទីនោះ ឯកឧត្ដមរដ្ឋមន្ដ្រីបានប្រកាសជួនប្រេងម៉ាហ្ស៊ូត សម្រាប់បូមទឹកសង្គ្រោះចំនួ៨៥០លីត្រ ក្នុង១ឃុំ មានឃុំពោធិ៏រំចាក ឃុំស្នោរ និងឃុំបានកាម ដែលក្នុងនោះឯកឧត្ដម បានឧត្ថម្ភប្រេងម៉ាហ្ស៊ូតចំនួន១.៥០០លីត្រ លោកឈិត សុខុន បានឧត្ថម្ភប្រេងម៉ាហ្ស៊ូចំនួន៣០០លីត្រ និងអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ដតាកែវបានឧត្ថម្ភប្រេងម៉ាហ្ស៊ូតចំនួន៧៥០លីត្រ៕