ខេត្តកំពត៖ ថ្ងៃពុធ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួមមកពីរាជធានីខេត្តចំនួន០៧ រួមមាន៖ កែប ព្រះសីហនុ កោះកុង តាកែវ ព្រៃវែង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ គឺដើម្បីផ្តល់ជាចំណេះដឹងអំពីការថែរក្សាសុវត្ថិភាពកុំព្យូទ័រ ដើម្បីជៀសវាងការយឺតយ៉ាវ ឬការរាំងស្ទះការអនុវត្តការងារ ដែលបណ្តាលមកពីបញ្ហានានាដូចជា កុំព្យូទ័រដំណើរការមិនប្រក្រតី កុំព្យូទ័រគាំងមិនដំណើរការ និងបញ្ហាដោយសារការឆ្លងមេរោគចូលក្នុងកុំព្យូរទ័រជាដើម។ ការធ្វើបទបង្ហាញអំពីវឌ្ឍនភាពគេហទំព័ររបស់ក្រសួងថ្មី បូករួមជាមួយនឹងគេហទំព័ររបស់មន្ទីរនិមួយៗ និងវិធីសាស្ត្រគ្រប់គ្រងគេហទំព័ររបស់មន្ទីរ ដើម្បីធានាស្ថេរភាព និងបច្ចុប្បន្នភាពនៃគេហទំព័រ។ សិក្ខាកាមនឹងទទួលបានចំណេះដឹងអំពី ពពួកមេរោគមួយចំនួនដែលបានកំពុងវាយប្រហារតាមប្រព័ន្ធអ៊ិនធើណែត និងនៅលើកុំព្យូទ័រអំពីលក្ខណៈរបស់វា និងការការពារ ទប់ស្កាត់កុំឱ្យពពួកមេរោគទាំងនោះវាយប្រហារម៉ាស៊ីន ឬប្រព័ន្ធរបស់យើងបាន។ ទន្ទឹមគ្នានេះផងដែរ សិក្ខាកាមនិងទទួលបានការស្វែងយល់កាន់តែស៊ីជម្រៅអំពីការងារប្រើប្រាស់បណ្តាញសង្គមយូធូប (Youtube) ដែលជាបណ្តាញសង្គមមួយកំពុងមានការពេញនិយម។ ជាពិសេសចុងក្រោយនោះគឺមេរៀនអំពីការតភ្ជាប់ និងចែករំលែកឯកសារ ក៏ដូចជាម៉ាស៊ីនព្រីនឱ្យប្រើប្រាស់បានរួមគ្នា មានន័យថាយើងមានម៉ាស៊ីនព្រីនមួយ តែមានអ្នកប្រើប្រាស់ច្រើន អាចព្រីនបានជាមួយគ្នា ដូច្នេះវាសន្សំសំចៃថវិកាបានមួយកម្រិតក្នុងការចំណាយថវិកាដើម្បីទិញម្នាក់មួយៗក្នុងការប្រើប្រាស់។