ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកដល់កសិក រដែលកំពង់ធ្វើការដកស្ទូង នាចុងរដូវនេះថា សំណាបដែលចាស់ជ្រុលទៅហើយ មិនគួរយកមកប្រើប្រាស់ទេ ពីព្រោះវានឹងផ្ដល់ផលតិចជាងសំណាបដែលមានដើមខ្ចី ។
ខណៈពេលអញ្ជើញចុះពិនត្យតំបន់រាំងស្ងួត នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង និងជួបសំ ណេះសំណាលជាមួយកសិករ ចំនួន៧០នាក់ ក្នុងនោះមាន៩គ្រួសារ ធ្លាប់ទៅធ្វើទស្សនកិច្ចសិក្សា នៅស្រុកត្រាំកក់នោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្ដល់យោបល់ថា ត្រូវប្ដូរសំណាបចាស់ជំនួសវិញ ដោយសំណាបថ្មី។
ឯកឧត្ដមពន្យល់ថា សំណាប់ចាស់អស់ពេលធ្វើការលូតលាស់,មិនបែកគុម្ព។ បើប្រើសំណាបចាស់ស្ទូងចាប់ឱ្យធំ។ សំណាបចាស់មានជំងឺជាប់នឹងដើម(ជំងឺអុចត្នោត ហើយមានសុខភពមិនល្អ។
ដោយសារហេតុផលទាំងអស់នេះ យើងត្រូវប្ដូរសំណាបចាស់នេះ ចេញហើយរកសំណាបថ្មីមកជំនួសវិញពីព្រោះ សំណាបថ្មីមានសុខភាពល្អពុំមានជំងឺជាប់នឹងដើមវា សំណាបថ្មីមានពេលវេលាគ្រប់គ្រាន់ក្នុងការលូតលាស់ ព្រោះជាពូជស្រូវស្រាលមិនប្រកាន់រដូវ ។
ឯកឧត្ដម បានពន្យល់ពីរបៀបសាប ដែលត្រូវសាបឱ្យស្ដើង ។ យកទៅស្ទូងចំពេលមានទឹកនោះ វាដុះលូតលាស់បានល្អ។ ត្រូវនាំគ្នាប្ដូរទម្លាប់ពីការសាបរង់ចាំទឹកភ្លៀង មកធ្វើដីរង់ចាំទឹកភ្លៀងវិញ ព្រោះការដែលសាបរង់ចាំទឹកភ្លៀងចៃដន្យរាំង សំណាបផុតអាយុលូតលាស់ តែបើធ្វើដីរង់ចាំទឹកវិញ មានទឹកគ្រប់គ្រាន់សាបតែ១៨ថ្ងៃ អាចដកយកទៅស្ទូងបាន។
ដីក៏ល្អ ទឹកមានគ្រប់គ្រាន់ សំណាបខ្ចី ធ្វើឱ្យសន្ទូងលូតលាស់បានល្អ។ ឯកឧត្ដមបន្ដទៀតថា ជីធម្មជាតិគឺជាកក្ដាសំខាន់ ជួយជំរុញដល់ការលូតលាស់ស្រូវ បើដូច្នេះចូលនាំគ្នាធ្វើរោងជីសន្សំជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ លើជីគីមីហើយ ដែលប្រើប្រាស់ទៅប៉ះពាល់ដល់សុខភាពគុណភាពដី សម្រាប់អស់សត្វមានប្រយោជន៏បាត់បង់គុណភាពអង្ករ ។
ឯកឧត្ដមរំលឹកផងដែរ ឱ្យលើកភ្លឺទប់ទឹកក្នុងស្រែ ឱ្យបានគត់មត់ឈប់ប្រើពូជស្រូវធ្ងន់ ។ ចំពោះអ្នកមានទឹកស្ទូងរួចហើយ កុំប្រញាប់ដើរចោលស្រែ ។ ត្រូវឧស្សាហ៏ចុះស្រែមើលទឹក មើលភ្លឺសត្វល្អិត និងស្មៅចង្រៃ ព្រោះមិនប្រាកដថាស្ទូងហើយបានទទួលផលល្អនៅពេលច្រូតកាត់នោះទេ ដរាបណាគ្មានការថែទាំបានល្អ។
ចំពោះអ្នក ដែលបានទៅធ្វើទស្សនកិច្ចសិក្សាពីបច្ចេកទេសប.វ.ស នៅស្រុកត្រាំកក់ សុំឱ្យយកចំណេះដឹងនេះ ទៅអនុវត្ដជាក់ស្ដែង ដើម្បីបង្កើនទិន្នផលស្រូវ ហើយក៏គួរចែករំលែកបទពិសោធន៏នេះ ឱ្យដល់អ្នកផ្សេង។ ជាមួយនេះមន្ទីរក៏គួររៀបចំកម្មវិធីនេះ ឱ្យបានញឹកញាប់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៏ ឈានទៅរកការរីកចម្រើនទាំងអស់គ្នា ៕