ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងសហការី បានបំពេញបេសកកម្មពិនិត្យការអនុវត្តសកម្មភាពរបស់កម្មវិធី នៅខេត្តចំនួន៣ គឺ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង។
ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យសកម្មភាពការងារដែលក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៣ កំពុងបន្តអនុវត្តជាក់ស្តែងជាមួយសហគមន៍កសិកម្មនិងកសិករគោលដៅ សិក្សាស្វែងយល់អំពីបញ្ហាប្រឈមរបស់មន្ទីរកសិកម្ម ព្រមទាំងសហគមន៍កសិកម្មនិងកសិករដែលជាអ្នកទទួលផល ព្រមទាំងពិគ្រោះយោបល់ ឈានទៅស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
ជាលទ្ធផល ឯកឧត្តមបានពិនិត្យឃើញថា ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បាសម្រេចវឌ្ឍនភាពល្អៗជាច្រើន ជាពិសេសក្នុងការចងក្រងកសិករជាសហគមន៍កសិកម្ម និងបានការគាំទ្រផ្នែកបច្ចេកទេស។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានកំណត់បញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវរកវិធីដោះស្រាយ ចាប់តាំងពីថ្នាក់មន្ទីរ ខេត្ត និងកម្រិតលេខាធិការដ្ឋានកម្មវិធី សំដៅធ្វើឱ្យកម្មវិធីអាចដោះស្រាយបញ្ហាសំខាន់ៗរបស់សហគមន៍កសិកម្មនិងកសិករ ព្រមទាំងអាចរួមចំណែកបានច្រើនបំផុតដល់ការសម្រេចចក្ខុវិស័យ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម៕