ចេញពីស្រុកសូត្រនិគម ឆ្លងចូលខេត្តកំពង់ធំដែលជាខេត្តគោលដៅចុងក្រោយនៃដំណើរបេសក កម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីនៅចុងសប្តាហ៍នេះ។ ព្រឹកនេះ លោក និងសហការីបានឈានចូលមកពិនិត្យគ្រោះរាំងស្ងួតនៅភូមិពោ ភូមិត្រាំខ្លា ភូមិតារៀម និងភូមិឫស្សីចៀស ឃុំត្បែង ស្រុកកំពង់ ស្វាយ ដែលមានទីតាំងនៅជាប់ប្រឡាយសម្តេចតេជោ ហ៊ុន សែន ដែលតភ្ជាប់អាងទឹក ៣០ កញ្ញា។ ជារួម តាមលក្ខណបច្ចេកទេសសន្ទួងមានអាយុ ៥០ថ្ងៃ ស្ថិតក្នុងវ័យធ្វើខ្លួន មូលដើម និងរកកលចេញផ្កា បើទោះជាមានទឹកក៏មិនអាចផ្តល់ផលបានល្អដែរ។ ហេតុនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វ័កកម្មកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចុះមកជួយអន្តរាគមន៍ភ្ជួរស្រូវពង្រោះចោល រួចត្រៀមពូជចែកជូនកសិករឲ្យបានគ្រប់គ្រាន់ រង់ចាំទឹកភ្លៀងធ្លាក់ចាប់ផ្តើមព្រោះជាថ្មី ហើយក៏គួរត្រៀមប្រេងបូមទឹងផងដែរដោយសារ តំបន់នេះមានប្រឡាយតែបច្ចុប្បន្ននេះខ្វះទឹក សហគមន៍កសិកម្មបានសហការគ្នាទិញប្រេងកាយស្តារប្រឡាយ នាំទឹកពីប្រភពទឹកមកចូលក្នុងពោះប្រឡាយដើម្បីបូមដាក់ស្រែ។ នាឱកាសនេះ ដើម្បីចូលរួមចែករំលែកលើការចំណាយ ឯកឧត្ដមរដ្ឋមន្ត្រីបានជួយ ឧបត្ថម្ភប្រេង ១ពាន់លីត្រ និងថវិកា ៤លានរៀលបន្ថែមទៀតសម្រាប់ដោះស្រាយបំណុល។