នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Dr. Alexandre Huynh តំណាងអង្គារ FAO ប្រចាំនៅកម្ពុជា ដឹកនាំក្រុមការងារជំនាញផ្នែកសុខភាពសត្វ និងសហការីដែលអញ្ជើញមកពីទីស្នាក់ការអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាតិប្រចាំទីក្រុងបាងកក និងអង្គការ OIE ផងដែរ។ ជំនួបនេះមាន បំណងធ្វើការពិភាក្សាទាក់ទងនឹងវិធានការអង្កេតតាមដាន ត្រួតពិនិត្យ ការពារ និងទប់ស្កាត់ជំងឺ ឆ្លងប៉េស្តជ្រូកអាហ្វ្រិក។
សូមអនុញ្ញាតបញ្ជាក់ជូនថាតាមរយ:ការអញ្ញើញជាផ្លូវការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារជំនាញផ្នែកជំងឺប៉េស្តជ្រូកអាហ្វិ្រកដឹកនាំដោយ Dr. Fillip Claes បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា។ ក្នុងជំនួបពិភាក្សា Dr. Fillip បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមនៃជំងឺប៉េស្តជ្រូកអាហ្វិកទាំងក្នុងពេលបច្ចុប្បន្ន និងវិធានការការពារ និងទប់ស្កាត់ជំងឺដ៏មហន្តរាយនេះនាពេលអនាគតផងដែរ និងជាពិសេសគោលបំណងសំខាន់នៃបេសកកម្មរបស់ក្រុមការងារមកកម្ពុជានាពេលនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានអញ្ជើញមកធ្វើបេសកកម្មនៅកម្ពុជាដើម្បីតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការផ្សព្វផ្សាយពីបញ្ហាជំងឺ វិធានការការពារ និងទប់ស្កាត់ជំងឺប៉េសត្តជ្រូកអាហ្វិ្រកនេះ។ លោកបន្ថែមទៀតថា ដោយយល់ឃើញពីហានិភ័យនៃគ្រោះមហន្តរាយនៃជំងឺនេះដល់ឧស្សាហកម្មជ្រូក កន្លងមកក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តយ៉ាងខ្ជាប់ ខ្ជួននូវខ្លឹមសារនៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ ជាងនេះទៅទៀត ក្រសួងក៏បានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តជាប់ព្រំដែនប្រទេសវៀតណាមទាំង ០៧ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព បើមានការផ្លោះផ្លោយនឹងត្រូវប្រឈមមុខចំពោះវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកអ្នកចិញ្ចឹមជ្រូក ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ អ្នកនាំចូលជ្រូក ក៏ត្រូវចូលរួមសហការអនុវត្តសារាចរណែនាំនេះឲ្យមានប្រសិទ្ធ ភាពផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យបេសកកម្មរបស់ក្រុមការងារជំនាញនេះ ទទួលបានជោគជ័យ និងសុខសុវត្ថិភាព ហើយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវផ្តល់កិច្ចសហការឲ្យ បានពេញលេញល្អ ប្រយោជន៍ដើម្បីសុវត្ថិភាពនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងវិស័យឧស្សាហកម្មជ្រូកនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។