កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Sudipto Sarkar ប្រធានប្រតិភូតំណាងធនាគារពិភពលោក នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារ និងការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តវិស័យធារាសាស្រ្តនៅ។
ប្រតិភូតំណាងធនាគារពិភពលោក បានបង្ហាញអំពីគោលដៅក្នុងការជំរុញនិរន្តភាពផលិតកម្មស្បៀង និងប្រព័ន្ធស្រោចស្រពនៅកម្ពុជា។ តាមរយៈការវាយតម្លៃ និងការសិក្សាកន្លង ធនាគារពិភពលោក បានពិនិត្យឃើញថាប្រព័ន្ធធារាសាស្រ្តមួយចំនួននៅពុំទាន់បានដំណើរការពេញលេញ និងរៀបចំយន្តការគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនៅឡើយ ដូច្នេះធនាគារពិភពលោក រៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់វិស័យធារាសាស្រ្តនៅកម្ពុជា ដោយបានដាក់ចេញនូវផែនការសកម្មភាពចំនួន៨ រួមមាន៖ ១.កំណត់ និងជ្រើសរើសអាទិភាពប្រព័ន្ធធារាសាស្រ្ត ២.រៀបចំផែនការ និងគ្រប់គ្រងធនធានទឹក ៣.កំណត់ និងជ្រើសរើសធនធានហិរញ្ញវត្ថុ ៤.ពង្រឹងសមត្ថភាព ៥.សិក្សា និងសាងសង់នូវប្រព័ន្ធស្រោចស្រព និងដោះទឹក ៦.គ្រប់គ្រងប្រព័ន្ធស្រោចស្រព និងដោះទឹកប្រកបដោយចីរភាព ៧.សម្របសម្រួលផលចំណេញនៃកសិកម្ម និង ៨.តាមដាន និងវាយតម្លៃលើការអនុវត្ត។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះការខិតខំ និងការគាំទ្ររបស់ធនាគារពិភពលោក ដែលតែងតែចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការចាប់អារម្មណ៏ទៅលើការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តវិស័យធារាសាស្រ្តនៅកម្ពុជា ដោយពិនិត្យឃើញថាការសិក្សា និងផែនការអភិវឌ្ឍន៏នេះមានភាពទូលំទូលាយ និងមានចក្ខុវិស័យរយៈពេលវែងរហូតដល់ ១៥ឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមជំនាញការធនាគារពិភពលោក ពិចារណាក្នុងការបញ្ជូលប្រព័ន្ធធារាសាស្រ្តដែលប្រើប្រាស់ប្រភពទឹកក្រោមដីនៅតាមតំបន់មួយចំនួនដែលមានការខ្វះខាតទឹកលើដី និងដើម្បីបំពេញទៅតាមតម្រូវប្រភេទដំណាំតាមតំបន់ផ្សេងៗគ្នា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយធនាគារពិភពលោកផ្សារភ្ជាប់ទំនាក់ទំនងនៃប្រព័ន្ធស្រោចស្រព ទៅនឹងទំនប់វារីអគ្គិសនីផងដែរ ដើម្បីបង្កើនសក្តានុពលប្រើប្រាស់ទឹក ជាពិសេសនៅតាមទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់ ក្នុងការពង្រីកការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា និងការស្រោចស្រព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញធនាគារពិភពលោក ពិនិត្យលើការរៀបចំកិច្ចប្រជុំប្រឹក្សាយោបល់កម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌយុទ្ធសាស្រ្តនេះអោយបានកាន់តែមានភាពទូលំទូលាយ ដែលធានាដល់ប្រសិទ្ធភាព និងនិរន្តភាព។