ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាស់តឿនដល់កសិករថា អាកាសធាតុមានការប្រែប្រួលទូទាំងពិភពលោក ដោយឡែកនៅកម្ពុជាក៏ដូចនេះដែរ ដូចនេះក៏ចាំបាច់កសិករយើងត្រូវតែធ្វើការ កែប្រែទម្លាប់ដើម្បីសម្របទៅនឹងស្ថានភាពជាក់ស្ដែងដែលមានការវិវត្ដន៏នេះដែរ។
នៅចំពោះមុខកសិករជិត២០០នាក់កាលពីថ្ងៃទី៣០ ខែសីហា នាភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ក្នុងឱកាសសម្ពោធស្រះទឹកដ៏ធំមួយ ដែលចំណាយប្រាក់ជីកអស់ជិតកន្លះម៉ឺនដុល្លារអាមេរិកនោះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាម្ចាស់អំណោយបានប្រាប់កសិករនៅទីនោះថា ឯកឧត្ដមសូមចូលរួមអបអរសាទរជាមួយអ្នកភូមិមឿងចារ ដែលមានស្រះទឹកដ៏ធំបង្គួរមួយ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មានន័យថា ពេលនេះមឿងចារសម្រេចកសាងបានប្រភពទឹកមួយថែមទៀតសម្រាប់បម្រើមឱ្យជីវភាពរស់នៅ និងការធ្វើកសិកម្ម ។
វាក៏ត្រូវតែប្រែក្លាយប្រភពទឹកនេះ ឱ្យមានសារប្រយោជន៏មានប្រសិទ្ធិភាពសេដ្ឋកិច្ច ពោលមានទឹកត្រូវមានដំណាំ មានការចិញ្ចឹមសត្វមានមុខរបរផ្សេងៗ ដែលមានផ្ដល់នូវចំណូលសម្រាប់គ្រួសារ។ ឯកឧត្ដម រដ្ឋមន្ដ្រីបានធ្វើការរំលឹកទៀតថា ខណៈនេះនៅទូទាំងពិភពលោក បាននិងកំពុងមានកង្វល់ចំពោះការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលនេះវាមានឥទ្ធិពលធំទៅលើវិស័យកសិកម្ម។
ពិភពលោកកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ ដោយឡែកសម្រាប់កម្ពុជា ក៏ទទួលនូវឥទ្ធិពលនេះដែរ ដែលតម្រូវជាចាំបាច់កសិករត្រូវតែធ្វើការផ្លាស់ប្ដូរទស្សនៈ និងទម្លាប់ក្នុងការធ្វើកសិកម្មដើម្បីចៀសវាងបានពីហានិភ័យដែលកើតឡើងពីការប្រែប្រួលនេះ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ថាការផ្លាស់ប្ដូរនេះ ត្រូវចាប់ផ្ដើមតាំងពីការជ្រើសរើសពូជ ដោយប្រើពូជសុទ្ធល្អ ការប្រើពូជស្រូវស្រាលជំនួសស្រូវធ្ងន់ ដោយត្រូវធ្វើឱ្យបានពីរដងក្នុងរដូវផ្លាស់ប្ដូររបៀបស្ទូង សាប ការប្រើសំណាប-ល-។ ឯកឧត្ដមបានបន្ដថាសម្រាប់កសិករ ទាំងក្រុមការងាររបស់លោក និងរូបឯកឧត្ដមផ្ទាល់ ត្រៀមខ្លួនជានិច្ច ដើម្បីជួយដល់កសិករ ប្រសិនជាមានចម្ងល់ឬត្រូវសួរយោបល់ពីបច្ចេកទេសផ្សេងៗ ទាក់ទងទៅនឹងការធ្វើកសិកម្ម។
គួររំលឹកថា ស្រះទឹកដែលសម្ពោធដាក់ឱ្យប្រើប្រាស់នោះ មានទំហំ៧០ម៉ែត្រ គុណនឹង៥៥ម៉ែត្រ និងជម្រៅ២ម៉ែត្រ ដោយចំណាយទឹកប្រាក់ចំនួន៤.១០០ដុល្លារ។ ឯកឧត្ដមរដ្ឋមន្ដ្រីមានប្រសាសន៏ថា នេះជាការវិនិយោគមួយដើម្បីឱ្យកសិកម្មនៅទីនេះកើតឡើងហើយនេះជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា ៕