ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណ:កម្មាធិការផលិតភាពកម្ពុជាអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកដោយឯកឧត្តម ស៊ីសុវត្តិ ដួងច័ន្ទទោ
ចេញផ្សាយ ២៦ មីនា ២០១៩
3246
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណ:កម្មាធិការផលិតភាពកម្ពុជាអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកដោយឯកឧត្តម ស៊ីសុវត្តិ ដួងច័ន្ទទោ។ ជំនួបនេះមានគោលបំណងប្រឹក្សាយោបល់ស្តីពី "ផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជា" មួយវិញទៀតគឺចង់ស្វែងយល់បន្ថែមពីឯកឧត្តមរដ្ឋមន្រ្តីអំពីទស្សនវិស័យចំបងក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានលេខាធិការដ្ឋានគណ:កម្មាធិការផលិតភាពកម្ពុជា និងសហការីដែលបានអញ្ជើញមកក្រសួងនាពេលនេះ ក្នុងបំណងស្វែងយល់ឲ្យបានស៊ីជម្រៅ និងទូលំទូលាយនូវប្រធានបទខាងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមប្រធានជ្រាបពីការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកម្ពុជាបានរំដោះខ្លួនចេញពីប្រទេសផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក តែបច្ចុប្បន្នកម្ពុជាផលិតស្បៀងលើសពីតម្រូវការក្នុងស្រុក ឈានទៅជាប្រទេសនាំស្បៀងចេញ ហើយកំពុងនឹងពង្រីងនិងពង្រីកផលិតភាពផលិតកម្មរបស់ខ្លួនឲ្យកាន់តែមានសក្តានុពលក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុតំបន់ និងក្នុងពិភពលោកសមស្របតាមស្ថានភាពនយោបាយ កំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន។ ទទ្ទឹមនឹងសមិទ្ធផលដែលក្រសួងសម្រេចបានជាវិជ្ជមាន ក្រសួងក៏កំពុងជួបបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និងជាពិសេសការប្រកួតប្រជែងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងនៅទូទាំងពិភពលោក។ បញ្ហាប្រឈមទាំងនោះរួមមាន÷ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅខ្វះខាត ខ្សែច្រវាក់ផលិតកម្មពីដើមទីដល់ចុងទីនៅមានកម្រិត ការផ្គត់ផ្គង់ និងតម្លៃថាមពលអគ្គិសនីនៅមានកម្រិតខ្ពស់ ធនធានថវិកាគាំទ្រនៅមានការខ្វះខាត ប្រព័ន្ធស្រោចស្រពនៅមិនទាន់ឆ្លើយតប បានសមស្របតាមតម្រូវការរបស់ប្រជាកសិករ វិស័យកសិកម្មនៅប្រឈមមុខជាមួយបាតុភូតធម្មជាតិ (ទឹកជំនន់ រាំងស្ងួត ជំងឺ និងសត្វល្អិតចង្រៃ) ការប្រើប្រាស់ធាតុចូលកសិកម្មនៅមាន កម្រិតដែលប៉ះពាល់ដល់គុណភាពដី សមត្ថភាពមន្រ្តីជំនាញ ការងារស្រាវជ្រាវ និងមន្ទីរពិសោធន៍នៅមានកម្រិត ការផ្សព្វផ្សាយនិងការអនុវត្តបច្ចេកវិទ្យាទំនើបទាន់ម័យនៅមិនទាន់បានទូលំ ទូលាយ និងមានប្រសិទ្ធភាព។ បញ្ហាទាំងអស់នេះ គឺជាដើមហេតុ ឬជាឧបសគ្គដល់វិស័យឯកជនក្នុងការវិនិយោគធ្វើការកែច្នៃកសិផលដើម្បីនាំចេញ។
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា ក្រសួងបាននិងកំពុងខិតខំដោះស្រាយបញ្ហាទាំងនោះដោយឈរលើស្មារតីទទួលខុសត្រូវ និងទៅតាមអាទិភាព សមត្ថភាពជាបណ្តើរៗតាមរយ:ការដាក់ចេញនូវយន្តការអនុវត្តរវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍ បង្កើនការងារផ្សព្វផ្សាយ និងការអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប ជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា ការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ និងមន្រ្តីជំនាញ ទាំងអស់នេះគឺបានចែងក្នងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ -២០២៣។ លោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនេះ សម្រេចទៅបានដោយជោគជ័យ លុះត្រាតែមានការចូលរួម សហការ និងគាំទ្រយ៉ាងពេញលេញពីគ្រប់ដៃគូអភិវឌ្ឍ វិស័យឯកជន និងជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ស៉ីសុវត្តិ ដួងច័ន្ទទោ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ហើយឯកឧត្តមក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយចំពោះលទ្ធផលដែលទទួលបាននាថ្ងៃនេះ ឯកឧត្តមនឹងរៀបចំរបាយការណ៍លំអិតជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ។