ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះមកពិនិត្យស្ថានីយបណ្តុះកូនឈើ
ចេញផ្សាយ ២៣ ឧសភា ២០១៩
2641
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចុះមកពិនិត្យស្ថានីយបណ្តុះកូនឈើ នៅស្រុកព្រៃឈ តំបន់ក្បាលហុងទឹកឆា ខេត្តកំពង់ចាម។ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានឲ្យដឹងថាបច្ចុប្បន្នស្ថានីយនេះមានផ្ទៃដីចំនួន ៦៨ហត គ្របដណ្តប់ដោយឈើម៉ៃសាក់ដាំក្នុងឆ្នាំ ១៩៩៧ និងសួនអាពាហ៍ពិពាហ៍ដែលមានដាំឈើបេង ធ្នុង និងគ្រញួង ដែលកំពុងធ្វើការគ្រប់គ្រង និងអភិរក្សដោយមន្រ្តីសង្កាត់ ផ្នែក និងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម។
បន្ទាប់ពីបានចុះពិនិត្យពីស្ថានភាពទូទៅរបស់ស្ថានីយរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលព្រៃឈើ ជាពិសេសមន្ត្រីប្រចាំការ នៅក្នុងស្ថានីយតែម្តង។ ព្រមជាមួយគ្នានេះ លោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ÷ ១. ត្រូវយកចិត្តទុកដាក់មើលថែរក្សា និងអភិរក្សតំបន់នេះឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីរក្សារព្រៃ និងប្រភពទឹកសម្រាប់មនុស្សជំនាន់ក្រោយ និងជាពិសេសសម្រាប់កសិករប្រកបរបរកសិកម្ម។ ២. ត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងសួនបណ្តុះកូនឈើឲ្យមានសកម្មភាពឡើងវិញ ប្រយោជន៍ធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតប្រភពចំណូលសម្រាប់បម្រើឲ្យសេចក្តីត្រូវការក្នុងស្ថានីយ និងប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍នាថ្ងៃអនាគតផងដែរ។