នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុង ដុងអ៉ីល (Song Dong-il) ប្រធានសមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជំនួបពិភាក្សានេះរៀបចំឡើងតបតាមសំណើរបស់សមាគមដែលមានបំណងចង់ស្វែងយល់បន្ថែមពីសក្តានុពលផលិតផលកសិកម្មកម្ពុជា សំដៅជំរុញកសិ-ពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងអន្តរជាតិ។ សមាគមបានគូសបញ្ជាក់ថា សមាគមប្រមូលផ្តុំដោយបណ្តុំក្រុមហ៊ុនជាច្រើនផ្នែកដូចជា ក្រុមហ៊ុនកែច្នៃ ចែកចាយ និងក្រុមហ៊ុនដឹកជញ្ជូន ដែលអាចចងជាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ សមាគមបានបង្ហាញពីបំណងក្នុងការដាំដុះសាកល្បងលើកសិផលមួយចំនួននៅកម្ពុជាដូចជាដំឡូងផ្អែម និងឆៃថាវ ដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាពនៃការដាំដុះ ផលិតកម្ម តម្រូវការ និងតម្លៃសេដ្ឋកិច្ចនៃដំណាំនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍ចំពោះសមាគម និងក្រុមហ៊ុនដែលមានបំណងសហការចូលរួមវិនិយោគលើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃកសិផលដែលមានស្រាប់នៅកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយវិស័យនេះឱ្យកាន់តែមានការរីកចម្រើន ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើន ដែលនេះនឹងផ្តល់ឱកាសដល់វិនិយោគិនកូរ៉េក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំទូលាយ។ ចំពោះការដាំដុះសាកល្បងលើដំណាំខាងលើ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យសមាគម ព្រមទាំងក្រុមហ៊ុនកូរ៉េធ្វើការសិក្សាពីទីផ្សារ និងវិភាគតម្លៃសេដ្ឋកិច្ចនៃដំណាំនេះឱ្យច្បាស់លាស់ជាមុន ដើម្បីធានាថានឹងផ្តល់អត្ថប្រយោជន៍ជូនប្រជាកសិករ និងវិនិយោគិន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យសមាគមបន្តកិច្ចសហការជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួង ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន និងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕