កសិករចំនួន៦០០គ្រួសារ មកពីស្រុកចំនួនបី នៃខេត្តកំពង់ស្ពឺ បានទទួលស្រូវពូជចំនូនពីរប្រភេទពីឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ជាពូជស្រូវក្នុងចំណោមពូជស្រូវទាំង១០មុខ ដែលរាជរដ្ឋាភិបាលអនុញ្ញាត ឲក្រសួងផ្សព្វផ្សាយ និងបញ្ជ្រាបដល់កសិករ។
មន្ត្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ កាលពីថ្ងៃទី៨ ខែមិថុនានេះថា ពូជស្រូវដែលផ្តល់ជូនកសិករ មានចំនូន៦តោន ដែលក្នុងនេះមានពូជផ្ការំដួល និងអ៊ីអ៊ែរ៦៦ ដែលជាពូជស្រូវស្រាល មិនប្រកាន់រដូវ និងស្រូវកណ្តាល។ ការផ្តល់ពូជ បានធ្វើនៅ៣កន្លែងផ្សេងដាច់ពីគ្នា ដែលក្នុងនោះមាន នៅភូមិដំណាក់ខ្លា ឃុំព្រៃវិហារ ស្រុកគងពិសី (២០០គ្រូសារ) និងភូមិតាពួង ឃុំភក្តីស្រុកបសេដ្ឋ។
មន្ត្រីដដែលបានឲដឹងទៀតថាខណៈពេលដែលឯកឧត្តមមន្ត្រី និងអ្នកជំនាញកសិកម្ម បានចុះពិនិត្យជាក់សែ្តង នូវការរៀបចំខ្លួនរបស់កសិករនៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តថែមទៀត ដល់បណ្តាកសិករឲយកចិត្តទុកដាក់ លើការជ្រើសរើសពូជ ការប្រើប្រាស់ពូជ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច ពូជដែលផ្តល់ទិន្នផលខ្ពស់ និងកែលម្អនូវទម្លាប់ ដែលប្រើពូជតៗគ្នា និងមិនសុទ្ធល្អ។
ឯកឧត្តមបានបញ្ជាក់ថា ពូជស្រូវដែលឯកឧត្តមបានផ្តល់ជូននេះ គឺជាពូជសុទ្ធល្អ និងមានតម្លៃលើទីផ្សារក្នុង និងក្រៅប្រទេស។ ជាពូជក្នុងចំណោមពូជទាំង១០មុខ ដែលប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲក្រសួង ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបដល់កសិករ។ ឯកឧត្តមបន្តថា ពូជស្រូវនេះផ្តល់ទិន្នផលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា ដើម្បីសម្រេចបាននូវនយោបាយ ធ្វើកម្ពុជាក្លាយជាប្រទេសនាំអង្គរចេញនាឆ្នាំ២០១៥ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន គឺកសិករទូទាំងប្រទេស ត្រូវតែផ្លាស់ឥរិយាបថ ទាំងការប្រើប្រាស់ពូជ និងបចេ្ចកទេស។ ប្រើប្រាស់ឲអស់លទ្ធភាព លើផ្ទៃដីដែលមានស្រាប់ទីណាអាចបង្កបង្កើនផលបាន ត្រូវតែធ្វើ មិនត្រូវទុកដីឲនៅទំនេរ ជាមួយនឹងការដាំដំណាំផ្សេងៗចិញ្ចឹមសត្វនិងបង្កើតមុខរបរផ្សេងទៀតដែលនៅជិតផ្ទះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកផងដែរ ដល់ការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃ។