នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដោយចំពោះការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងក្រសួងទាំងពីរ ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រងនិងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះផ្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី MOU នេះ ត្រូវរៀបចំដោយគិតគូរឱ្យបានច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស នយោបាយ និងសេដ្ឋកិច្ច ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្ដល់ផលចំណេញ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវអំពីគោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមផលិត និងមានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញច្រើន។
ទាក់ទងនឹងពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា កិច្ចសហការប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺបង្កើតឱ្យមានការដោះដូរទំនិញ និងបំពេញបន្ថែមឱ្យគ្នា ជាជាងប្រកួតប្រជែងគ្នា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃជាមួយគ្នា ចាប់តាំងពីការដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការកែច្នៃ ដើម្បីផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កសិករ និងពាណិជ្ជករនៃប្រទេសទាំងពីរ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ពិសេសគឺការពិនិត្យបន្ថែមលើសេចក្តីព្រាង MOU បន្ថែមធាតុចូលដែលបានពិភាក្សាគ្នានាពេលនេះ និងឈានទៅចុះ MOU ជាផ្លូវការរួមគ្នានៅក្នុងខែតុលា ឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតនៅចុងឆ្នាំ២០២៤៕