នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាល Farmbook App ផ្តោតលើការទាញយកកម្មវិធី របៀបប្រើប្រាស់កម្មវិធី ដល់មន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក យឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម លោក ហូរ សុផល ឣនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងមន្ត្រីការិយាល័យនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីកសិកម្មឃុំ សរុបចំនួន ១៧នាក់ ដែលវគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយអង្គការ GIZ គម្រោង MUSEFO។
គួរបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មានពីកសិករនិងក្រុមផលិត សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់ប្រមាណតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕