មេត្រីពូជចំនួន៦តោន ត្រូវបានលែង ទៅក្នុងឡូត៍ចំនួន៣គីឡូត៍ លេខ៥,៦ និងលេខ៩ ក្រោមការចូលរួមដោយផ្ទាល់ ពីសំណាក់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីចុងសប្តាហ៍នេះនៅក្រុងកំពង់ឆ្នាំង។
នៅចំពោះមុខប្រជាពលរដ្ឋ១០០គ្រួសារ នៅឡូត៍នេសាទលេខ៩ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីសារសំខាន់ធនធានត្រី និងអំពីអ្វីខ្លះ ដែលយើងត្រូវរួមគ្នាការពារ និងអភិរក្ស។ ឯកឧត្តម ក៏បាននិយាយផងដែរ ទាក់ទងនិងទិវាមច្ឆជាតិ ដែលប្រារព្ធធ្វើនៅពេលខាងមុខនេះ។
ឯកឧត្តមបន្តទៀតថា យោងតាមច្បាប់ស្តីពីជលផល ជារៀងរាល់ថ្ងៃទី០១ នៃខែកក្កដា ត្រូវមានកម្មវិធីលែងត្រី និងតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ឡូត៍នេសាទនីមួយៗក្នុង១ឆ្នាំ ត្រូវលែងត្រីឲ្យបាន២០០០គីឡូក្រាម។
ឯកឧត្តមបញ្ជាក់ថា វាអាចជារឿងថ្មី ដែលធ្លាប់តែឮថាត្រីចិញ្ចឹមមនុស្ស តែពេលនេះមនុស្សចិញ្ចឹមត្រីវិញ។ ដោយឡែក ការលែងថ្មីមេពូជ ផ្តល់ផលប្រយោជន៍ គឺរក្សាលំនឹងនិងផលស្តុកត្រី ក្នុងធម្មជាតិធ្វើឲ្យវាបង្កបង្កើន ពូនផ្តុំកូនចៅឲ្យកាន់តែច្រើន បង្កើនប្រភេទត្រីជិតផុតពូជឡើងវិញ និងធ្វើឲ្យទាំងអស់គ្នា យល់ពីសារសំខាន់របស់ត្រីមេពូជ។
ឯកឧត្តមបន្តថា សូមឲ្យស្មារតី នៃការលែងមេត្រីពួជកើតឡើង និងរួមគ្នាថែរក្សាធនធានធម្មជាតិ ចំពោះដីនៅតំបន់នេះ ជាដីលិចទឹករាល់ឆ្នាំដូចនេះ ការបង្កបង្កើនផលកសិកម្មមិនចាំបាច់ប្រើជីគីមីទេ។ ក្រៅពីធ្វើស្រែ និងរកត្រីរដ្ឋបាលជលផលត្រូវរកគ្រូមកបង្ហាត់បង្រៀនប្រជាកសិករឲ្យចេះកែច្នៃកំប្លោក កំប្លោកអាចធ្វើជាកន្ត្រកសម្ភារ: ប្រើប្រាស់ផ្សេង។ល។ លក់ជាវត្ថុអនុស្សាវរីយ៍។ ឯកឧត្តមបន្តថាសង្ឃឹមថា យើងនឹងមានស្មារតីថែរក្សាការពារត្រីទាំងអស់គ្នា។