នៅរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាអធិបតីក្នុងកម្មវិធីនៃកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីជាន់ខ្ពស់ ដើម្បីសហការធ្វើការផ្សព្វផ្សាយរួមគ្នាលើកម្មវិធីកែទម្រង់ខាងលើ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធីនេះ គឺធ្វើការផ្សព្វផ្សាយរួមគ្នារវាងក្រសួងទាំង២ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ហើយដែលការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាផ្នែក១ នៃស្នូលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកំណែទម្រង់ស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចល្អ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សកម្មចូលរួមក្នុងកំណែទម្រង់នេះ ទៅតាមដំណាក់កាលនីមួយៗ៖
១-ដំណាក់កាលទី១ "ការបង្កើនភាពទុកចិត្តនៃថវិកា" ពីឆ្នាំ ២០០៤-២០០៧ ដោយមានការចូលរួម និងបណ្ដុះបណ្ដាលពីក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធាណៈ (PFMRP)នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនិងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
២-ដំណាក់កាលទី២ "ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ" ចាប់ពីឆ្នាំ២០០៨ ដោយក្រសួងបានរៀបចំផែនការសកម្មភាពរួម ជាបន្តបន្ទាប់ រហូតដល់ផែនការសកម្មភាពរួមទី៣ (២០១៦-២០១៨) ។
៣-ដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ដែលកម្មវិធីផ្សព្វផ្សាយរួមគ្នាបានផ្តោតលើនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីសម្ដែងនូវក្ដីសង្ឃឹមថានឹងទទួលបានជំនួយបច្ចេកទេស សម្រាប់ឆ្នាំ២០១៦ តទៅ ក៏ដូចជាធាតុចូលថ្មីពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនាពេលនេះផងដែរ។
ឯកឧត្តម ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ពីគោលបំណងនៃការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ដែលជាការផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវថែមទៀតដល់ក្រសួងស្ថាប័នក្នុងការគ្រប់គ្រងនិងប្រើប្រាស់ថវិកាផ្សារភ្ជាប់ទៅនឹងការអនុវត្តសកម្មភាពជាក់ស្តែង។ ការផ្សព្វផ្សាយកម្មវិធីថ្ងៃនេះ គឺផ្តោតលើខ្លឹមសារគន្លឹះគោលការណ៏គ្រឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើអភិក្រមចំនួន២ គឺ: (១) ពីលើចុះក្រោម: ចំពោះថ្នាក់ដឹកនាំក្រសួង លើឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់លើគោលនយោបាយ ទៅកាន់ថ្នាក់បច្ចេកទេស និង (២) ពីក្រោមទៅលើ សំដៅឲ្យមានការចូលរួមពីគ្រប់តួអង្គជាមន្ត្រីរាជការ និងថ្នាក់ដឹកនាំបច្ចេកទេស ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួង ស្របតាមតួនាទី និងការទទួលខុសត្រូវដោយច្បាប់ ហើយការផ្សព្វផ្សាយផ្ទាល់នេះក៏មានគោលដៅឲ្យមានការចូលរួមរបស់មន្ត្រីរាជការលើអភិក្រមត្រីមុខ (បុរេសកម្ម សកម្ម និងអន្តរសកម្ម)។
បន្ទាប់មកក៏មានការធ្វើបទបង្ហាញ និងសំណួរចម្លើយ លើប្រធានបទចំនួន៣ ដោយប្រតិភូអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងបទបង្ហាញចំនួន២ ដោយថ្នាក់ដឹកនាំនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្តបន្ទាប់។