កាលពីថ្ងៃទី៥ ខែកញ្ញា នៅភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយកសិករ ១០០គ្រួសារ ដើម្បីស្នើរឱ្យកសិករធ្វើការផ្លាស់ប្ដូរថ្មីមួយទាក់ទងទៅនឹងការធ្វើថ្នាលសំណាប។
ឯកឧត្តមបានអំពាវនាវថាប្រជាកសិករ មិនត្រូវធ្វើសំណាបរង់ចាំទឹកភ្លៀងទៀតទេ ត្រូវប្ដូរមកមានទឹករងចាំសំណាបវិញម្ដង។ ពោលគឺ ត្រូវសំលឹងមើលពីប្រភពទឹកជាមុន ដើម្បីចៀសវាងការខូចខាតបង់ប្រាក់កាស។ លើសពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានពន្យល់ប្រាប់កសិករផងដែរអំពីរបៀបធ្វើថ្នាលសំណាបបែបថ្មីដែលតូច និងប្រើប្រាស់គ្រាប់ពូជស្រូវស្រាលសុទ្ទល្អ។ អនុវត្តន៍ប្រពលវប្បកម្ម។ លើសពីនេះត្រូវធ្វើការរៀបចំភ្លឺស្រែឱ្យមាំ និងការគ្រប់គ្រងទឹកឱ្យបានល្អ គឺជាការចាំបាច់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រធានមន្ទីរកសិកម្មខេត្ត ពិនិត្យការធ្វើថ្នាលសំណាបរួម ដើម្បីចែកជួនកសិករ។ ម្យ៉ាងទៀតកសិករអាចខ្ចីពូជបាន ដោយមិនចាំបាច់ត្រូវសងការដល់មន្ទីរទេ ហើយបើក្នុងករណីធ្វើមិនបានផលមិនចាំបាច់សងដើមដល់មន្ទីរកសិកម្មវិញទេ៕