នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការក្រោមឱវាទ។ តាមរបាយការណ៍របស់លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានឱ្យដឹងថាសម្រាប់ឆ្នាំ២០១៩ ក្រសួងបានទទួលមន្រ្តីចំនួន ១២០នាក់ដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី ដោយត្រូវបែងចែកទៅតាមអង្គភាពជំនាញ និងមន្ទីរនីមួយៗ។ ឆ្លៀតយកឱកាសនេះ លោកក៏បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីលទ្ធផលដែលសម្រេចបាននាឆ្នាំ២០១៩ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារបន្តនៅឆ្នាំ២០២០ សម្រាប់នាយកដ្ឋាននេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះសំណាលជាមួយក្មួយៗដែលជាមន្រ្តីក្របខណ្ឌថ្មី ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះជ័យលាភីដែលក្មួយៗទើបទទួលបាន ដោយសារការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ នេះជាទំព័រស័ករាជថ្មីមួយទៀតសម្រាប់ដំណើរជីវិតដែលនឹងក្លាយខ្លួនទៅជាមន្ត្រីសាធារណៈ ហើយផ្លែផ្កាដែល ក្មួយៗទទួលបាននេះ គឺជាស្ពានចម្លងខ្សែជីវិតពីនិស្សិតទៅជាមន្រ្តីសាធារណ:ដែលមានវិជ្ជាជីវៈពិតប្រាកដ ត្រឹមត្រូវ ច្បាស់លាស់ ហើយអាចកសាងអនាគតប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ សមជាមន្រ្តីល្អ ពលរដ្ឋល្អក្នុងសង្គមជាតិនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបក្មួយៗថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម គឺចាំបាច់ត្រូវមានធនធាន មនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ រួមទាំងសីលធម៌វិជ្ជាជីវៈ គុណធម៌ខ្ពស់។ ដូច្នេះ វត្តមានរបស់ក្មួយៗទាំង១២០នាក់ នឹងចូលរួមចែករំលែកជាកំលាំងកាយ ចំណេះដឹង ស្មារតីក្នុងការបម្រើការងារឱ្យអង្គភាពរបស់ខ្លួនផ្ទាល់ ដែលប្រកបដោយសក្តានុពលក្នុងការពន្លឿនដំណើរការអភិវឌ្ឍន៍វិស័យកសិកម្ម។ ហេតុដូចនេះ ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សពោរពេញដោយសមត្ថភាព ប្រកប ដោយសក្តានុពល និងក្លាយជាទំពាំងស្នងឬស្សីក្នុងពេលអនាគតដ៏ខ្លីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីក្របខណ្ឌថ្មីនេះដែលមានខ្លឹមសារជាអាទិ៍ ៖
ទី១- ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ដោយត្រូវខិតខំរៀនសូត្រចំណេះជំនាញ ក្រមសីលធម៌ វិជ្ជាជីវៈ ក្រមប្រតិបត្តិ លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង សហលក្ខន្តិក:មន្រ្តីរាជការ។ល។
ទី២- ត្រូវគោរពច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ កាតព្វ កិច្ចនៃមន្រ្តីរាជការរាល់រូបមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ជំពូកទី៥ មាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៧ និង៣៨។
ទី៣- ត្រូវប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស កាតព្វកិច្ច ល័ក្ខការណ៍ គោរពការសម្ងាត់វិជ្ជា ជីវៈ អព្យាក្រឹតក្នុងការងារ ភក្តីភាព គិតគូរ និងការពារឲ្យបាននូវផលប្រយោជន៍ជាតិ សាធារណៈ ក្រសួង និងផលប្រយោជន៍អង្គភាព ជាពិសេសគឺត្រូវចូលរួមចំណែកថែរក្សាការពារសន្តិភាព។
ទី៤- ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងខ្ពស់នៅពេលបំពេញភារកិច្ច សហការគ្នា និងចូលរួមគ្រប់សកម្មភាពដែលផ្តល់ប្រយោជន៍ដល់អង្គភាពខ្លួន ក្រសួង និងប្រទេសជាតិ។
ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែមដល់អង្គភាពជំនាញក្រោមឱវាទក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀតតាមចំណុចដូចខាងក្រោម៖
ទី១- គ្រប់អង្គភាពក្រោមឱវាទក្រសួងទវតែពង្រឹង និងកែលម្អដំណើរការនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស សំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។
ទី២- បន្តធ្វើការកែទម្រង់ឱ្យមានប្រសិទ្ធភាពដោយដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត ផែនការសកម្មភាព និងការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យមានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាព។ បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ។
ទី៣- ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខ្ពស់នៅពេលបំពេញភារកិច្ចព្រម ទាំងប្រគល់ការងារតាមសមត្ថភាព និងទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុងរបស់យើង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយយុត្តិធម៌។ ត្រូវជៀសវាងនូវការបំបែកបំបាក់ផ្ទៃក្នុង និងមិនកេងចំណេញយកផលប្រយោជន៍សម្រាប់បុគ្គលខ្លួន។ ត្រូវចងចាំជានិច្ចនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ទាំង១១ចំណុច ដែលតែងតែក្រើនរំឭកថា ជាតិជាមន្រ្តីដែលល្អ គឺត្រូវធ្វើអ្វីខ្លះ?
ទី៤- ត្រូវបង្កើនការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការក្រោមឱវាទ។ ទន្ទឹមនឹងនេះ គ្រប់អង្គភាព ត្រូវខិតខំលើក ទឹកចិត្តដល់មន្រ្តីរាជការដែលបានខិតខំបន្តការសិក្សា។
ទី៥- ប្រធានគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់និងពិនិត្យ តាមដាន រាល់លិខិតណែនាំ សារាចរ ឬ លិខិតនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចេញឲ្យអនុវត្ត ជា ពិសេស គ្រប់អង្គភាពទាំងអស់ ជារៀងរាល់ឆ្នាំ ត្រូវរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើរបាយការណ៍ស្ថិតិមន្ត្រីរាជការចូលរួមវគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស។
សូមជម្រាបផងថា វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល ៤ថ្ងៃ ដែលនឹងលើកយកប្រធានបទ សំខាន់ៗមកធ្វើបទបង្ហាញដល់មន្ត្រីរាជការក្របខណ្ឌថ្មីនេះយល់ដឹងអំពី ៖
- តួនាទី និងបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រងរបស់ក្រសួង
- តួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- សិទ្ធិ កាតព្វកិច្ច និងឋានានុក្រមរដ្ឋបាលនៅក្នុងការបំពេញការងារ
- ច្បាប់ និងបទប្បញ្ញាត្តិផ្សេងៗ ដែលមន្ត្រីរាជការត្រូវតែស្វែងយល់ និងគោរពដាច់ខាត។