នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីរៀបចំលេខាធិការដ្ឋានអចិន្ត្រៃថ្នាក់ជាតិដើម្បីអនុវត្តបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បើកកិច្ចប្រជុំថា អង្គប្រជុំនាពេលនេះគឺធ្វើឡើងដោយផ្អែកលើលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៣៩២ ស.ជ.ណ ចុះថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៤ នៅក្នុងខ្លឹមសារ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរតួនាទីភារៈកិច្ចជូនឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំរៀបចំលេខាធិការដ្ឋានអចិន្ត្រៃថ្នាក់ជាតិ ដើម្បីអនុវត្តបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងក្រសួងស្ថាប័នដែលមានវត្តមានតបតាមការអញ្ជើញរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាគ្សាអំពីដំណើរការដំបូងរបស់លេខាធិការដ្ឋានអចិន្ត្រៃថ្នាក់ជាតិដើម្បីអនុវត្តបទបញ្ជាលេខ ០២ ប.ប ចុះ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ ទប់ស្តាត់ និងការបង្ក្រាប ការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើក្រញូង ។
គួរឲ្យកត់សំគាត់ផងដែរថានៅក្នុងខ្លឹមសារលិខិតរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីលេខ ៣៩២ ស.ជ.ណ គឺរាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្ទេរតួនាទីភារៈកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំរៀបចំលេខាធិការដ្ឋានអចិន្ត្រៃថ្នាក់ជាតិដើម្បីអនុវត្តបទបញ្ជាលេខ ០២ ប.ប ចុះ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ ក្រសួងការពារជាតិនឹងបន្តសហការចូលរួមយ៉ាងសកម្ម ទាំងកងកម្លាំង និងមធ្យោបាយ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដើម្បីឲ្យការអនុវត្តបទបញ្ជាលេខ ០២ ទទួលបានជោគជ័យ ។