នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានសវនកម្មផ្ទៃក្នុង យោងតាមលិខិតលេខ១១៩០៥ កសក ចុះថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២០ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំស្តីពី “ការរៀបចំនីតិវិធីស្តង់ដាសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០២០” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានខិតខំអនុវត្តនីតិវិធីស្តង់ដាសវនកម្មផ្ទៃក្នុង ស្របតាមប្រកាសលេខ ១៦៧៣ សហវ. ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៧ ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការដាក់ឱ្យប្រើប្រាស់នេះសម្រាប់សវនករផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាល អនុវត្តមុខងារសវនកម្មផ្ទៃក្នុងស្របតាមស្តង់ដាសវនកម្មផ្ទៃក្នុងកម្រិតឧត្តមានុវត្តអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ស័ក្តិភាព សង្គតិភាព មានតម្លៃបន្ថែម និងរក្សាបាននូវភាពសុខដុម។ ជាមួយគ្នានេះដែរ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏បានខិតខំអនុវត្តការងារសវនកម្មផ្ទៃក្នុង តាមលិខិតលេខ ១២១៩៣ សហវ ចុះថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី “ការបង្កើនប្រសិទ្ធភាពមុខងារសវនកម្មផ្ទៃក្នុងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”។