ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ច័ន្ទ សារុន បានប្រកាសប្រាប់ ដល់កសិករនៅឃុំសំរោង ស្រុកត្រាំកក់ អោយចូលរួមប្រលងប្រណាំង រង្វាន់របស់លោក ដែលជនជ័យលាភី អាចទទួលបាននូវមេគោក្រមុំ មេជ្រូក និង មេមាន់។ ការប្រឡង ប្រណាំងនេះ គឺលើការងារកសិកម្ម និងការងារចិញ្ចឹមសត្វ ។
មន្ត្រីក្រុមការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី បានអោយដឹងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១០ ក្នុងពិធីប្រគល់នូវអណ្តូងទឹក ចំនួន១ ម៉ាស៊ីនប៉ូមទឹក១ គ្រឿង និងតុគ្រូសំរាប់ប្រជុំ១ ជូនដល់កសិករ និងលោកគ្រូអ្នកគ្រូ ភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំកក់ កាលពីចុងសប្តាហ៌នេះ លោករដ្ឋមន្ត្រីបានប្រកាសជំរុញកសិករអោយចូលរួមក្នុងការប្រឡងប្រណាំងនៅតាម ភូមិ ឃុំ លើការងាកសិកម្ម និងចិញ្ចឹមសត្វ ។
លោកបានបន្តថា ប្រធានបទ ក្នុងការប្រឡងប្រណាំងនេះគឺ លើការងារកសិកម្ម មានការធ្វើស្រូវប្រពលវប្បកម្ម ការដាំដំណាំ និងការធ្វើឡជីរឧស្ម័ន។ ចំណែកការងាចិញ្ចឹមសត្វមាន ការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា។ អ្នកជ័យលាភីលេខ១ នឹងទទួលបាន មេគោក្រមុំ ១ក្បាល , លេខ២ ទទួលបានមេជ្រួកក្រមុំ ១ ក្បាល និងលេខ៣ ទទួលបាន មេមាន់ចំនួន ១០ ក្បាល ។ ទាំងនេះ គឺជារង្វាន់របស់លោកឯកឧត្តមរដ្ឋមន្ត្រី ។
មន្ត្រីដដែលនេះបានអោយដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រីដែលជំរុញអោយមានចលនា ប្រឡងប្រណាំង គឺមិនមែន ធ្វើត្រឹមតែ នៅស្រុកត្រាំកក់ប៉ុណ្ណោះទេ តែលោកនឹងបន្តដល់ថ្នាក់ជាតិ ដើម្បីយករង្វាន់ទៀត។ ការធ្វើបែបនេះ គឺក្នុងបំណងដើម្បីជំរុញផលិតផលកសិកម្ម លើកកំពស់កំរិតជីវភាពប្រជាកសិករ។ លោកឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ដល់កសិករនៅទីនោះថា កសិករត្រូវតែផ្លាស់ប្តួរ ទាំងទស្សនៈ ទាំងបច្ចេកទេសលើការងាកសិកម្ម ខណៈដែលប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាល បានកំនត់រួចហើយនៅឆ្នាំ ២០១៥ ខាងមុខ កម្ពុជាត្រូវនាំអង្ករចេញអោយបាន ១លានតោន។ កម្ពុជានឹងធ្វើខ្លួនអោយក្លាយជាប្រទេសនាំអង្ករចេញ។ ដើម្បីសំរេចបានដូចនេះ កសិករត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ចាស់របស់ខ្លួនផងដែរ ៕