នាព្រឹកថ្ងៃសុក្រ ០២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិល ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តំណាងលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាលើ "ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវក្រអូប SRP” ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកប្រធានអង្គការCIRD លោកនាយកប្រតិបត្តិក្រុមហ៊ុន BRICo ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកមេឃុំមកពីស្រុកបាណន់ បវេល ថ្មគោល មោងឬស្សី រុក្ខគិរី លោក លោកស្រីប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៌អភិវឌ្ឍកសិកម្ម និងដៃគូរពាក់ព័ន្ធ សរុបចំនួនប្រមាណ៥០នាក់។
ពិធីចុះកិច្ចសន្យាបានធ្វើឡើងរវាងក្រុមហ៊ុន BRICo និងសហគមន៍ អភិវឌ្ឍកសិកម្មចំនួន៩នៅខេត្តបាត់ដំបងរួមមានៈ (១)សហគមន៍កសិកម្មអាងកំពីងពួយ (២)សហគមន៍កសិកម្ម កំពីងពួយបង្កើនផល (៣)សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមកសិករ ៤)សហគមន៍កសិកម្មប្រលាយមានជ័យ (៥)សហគមន៍កសិកម្មរការមានឬទ្ធិ (៦)សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ (៧)សហគមន៍កសិកម្មសម្រស់មុខរាហ៌ (៨)សហគមន៍កសិកម្មសាមគ្គីមានជ័យ និង(៩)សហគមន៍កសិកម្មក្តីសង្ឃឹមកសិករខ្មែរ ដែលមានផ្ទៃដីផលិតស្រូវក្រអូប SRP ៣ ០៣០ ហិកតា និងបរិមាណផលស្រូវដែលត្រូវចុះកិច្ចសន្យាពេលនេះមាន ៨ ០៨៨តោន។