ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០១៩ 2568

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូអភិវឌ្ឍយ៉ាងច្រើនកុះករ។
 
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអានរបាយការណ៍បូកសរុប លទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ជូនអង្គពិធីជ្រាបដោយបានរំលេច ពីសមិទ្ធផលដែលសម្រេចបានមានដូចជា៖ ការកើនឡើងផលិតកម្មស្រូវ ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម បរិមាណកសិផល (អង្ករ គ្រាប់ធញ្ញជាតិ និងបន្លែ) សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញ ការងារផ្សព្វផ្សាយបណ្តុះបណ្តាលបច្ចេកទេស ច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ ការងារពិសោធន៍ស្រាវជ្រាវ ការងារសហប្រតិបត្តិការអន្តរជាតិ ការងារសហគមន៍កសិកម្ម និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។
 
មានមតិសំណេះសំណាលជាមួយសមាជិកអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានកសិកម្មដែលបានខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណជូនចំពោះសមាជិកនៃអង្គពិធីដែលបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយបញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងចំណូលគ្រួសារ។ ក្នុងឱកាសនេះ លោកបានគូសបញ្ជាក់ជូនអង្គពិធីជ្រាបពីអនុវិស័យដំណាំកសិកម្មដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលស្តែងចេញឲ្យឃើញតាមរយ:កំណើនផលិតកម្មដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម ដំណាំរួមផ្សំ និងបន្លែ។ ដោយឡែក ផលិតភាពផលិតកម្ម គុណភាព ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្មប្រកបដោយចីរភាព ការអភិវឌ្ឍពូជដំណាំ ការផ្តល់សេវាផ្សព្វផ្សាយកសិកម្ម ការអនុវត្តកសិកម្មល្អឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនាម័យ និងភូតគាមអនាម័យ សមត្ថភាពមន្ទីរពិសោធន៍ជាតិ កាលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការប្រើប្រាស់យន្តូបនីយកម្មកសិកម្ម និងជំរុញការអភិវឌ្ឍកសិដ្ឋានគំរូការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងឌីជីថលូបនីយកម្មក៏បាននិងកំពុងអនុវត្តយ៉ាងសកម្ម ពេញលេញ និងសមស្របតាមគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា យើងកំពុងមានមោទនៈភាពចំពោះសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបាន ប៉ុន្តែក៏ព្រមទទួលស្គាល់ថាយើងនៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវខិតខំរួមគ្នាទាំងកំលាំងកាយចិត្ត បញ្ញាស្មារតី និងភាពទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហាទាំងនោះឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព ទូលំទូលាយ និងទាន់ពេលវេលា។ ដើម្បីជួយជាគំនិត និងនីតិវិធីស្រាយបញ្ហា ធ្វើយ៉ាងណាឲ្យអគ្គនាយកដ្ឋានកសិកម្មមានវិធីសាស្រ្ត ឬយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍអនុវិស័យនេះឲ្យមានការរីកចម្រើន ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
 
ទី១. ត្រូវបន្តពង្រឹងការផ្តល់សេវាបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មឱ្យបានកាន់តែទូលំទូលាយ។ ត្រូវពង្រឹងសហគមន៍កសិកម្មឲ្យមានលក្ខណៈអាជីព ប្រែក្លាយជាសហគ្រាសកសិកម្មធុនតូចនិងមធ្យមនៅជនបទ និងសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃលើមុខដំណាំសំខាន់ៗតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។ ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំសុទ្ធល្អដែលមានតម្លៃបន្ថែម និងមានប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ តាមរយៈសហគមន៍ ក្រុមកសិករផលិតពូជ និងការលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមផលិតពូជដំណាំ ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ ដើម្បីធានាឲ្យមានបរិមាណគ្រប់គ្រាន់ និងតម្លៃសមរម្យសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម។
 
ទី២. ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដែលត្រូវការទឹកតិច និងមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការសម្របសម្រួលទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍ និងតាមកន្លែងទីប្រជុំជនសំខាន់ៗ។
ទី៣. ត្រូវជំរុញការរៀបចំនិងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត បម្រើឲ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ដើម្បីធានាការលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពកសិផល។ ត្រូវបន្តជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងត្រូវបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដំណាំកសិកម្មឆ្នាំ២០១៩- ២០២៣ សម្រាប់អនុវត្តបន្តក្នុងរយៈពេល៥ឆ្នាំខាងមុខនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
 
ទី៤. ត្រូវជំរុញធ្វើការកែលម្អសេវាត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ និងធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) បែបបទនៃការត្រួតពិនិត្យ និងនីតិវិធីចុះបញ្ជីឲ្យកាន់តែមានភាពងាយស្រួល។ ត្រូវពង្រឹងនិងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មក្នុងការពិនិត្យ វិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម ដី និងទឹកដោយត្រូវសហការយ៉ាងជិតស្និតជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
 
ទី៥. ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ការត្រួតពិនិត្យការអនុវត្តកសិកម្មល្អ និងស្តង់ដារកសិកម្មសរីរាង្គ ដើម្បីធានាផលិតកម្មដំណាំទាំងបិរមាណ គុណភាព និងសុវត្ថិភាព។ ត្រូវពង្រឹងយន្តការទប់ស្កាត់ការឆ្លងជំងឺ សត្វល្អិតចង្រៃ និងរឹតបន្តឹងការនាំចូលកសិផលមិនមានគុណភាពនិងគ្មានសុវត្ថិភាព ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្មនិងសុខុមាលភាពសាធារណ:។
 
ទី៦. ត្រូវលើកកម្ពស់ការគ្រប់គ្រងធនធានដីកសិកម្ម ដោយជំរុញការអនុវត្តវិធានការចម្រុះគ្រប់គ្រង និងថែរក្សាជីជាតិដី ការកំណត់តំបន់ដាំដុះទៅតាមប្រភេទដីនិងមុខដំណាំ ព្រមទាំងការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្មប្រកបដោយចីរភាព។ ត្រូវពង្រឹងនិងពង្រីកផ្នែកវិស្វកម្មកសិ-កម្មនិងយន្តូបនីយកម្មកសិកម្ម តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា និងឧបករណ៍សម្ភារៈយន្តូបនីយ-កម្មកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូល កែលម្អប្រព័ន្ធស្រោចស្រព និងការគ្រប់គ្រងទឹកសម្រាប់កសិកម្មប្រកបដោយប្រសិទ្ធភាព។
 
ទី៧. បន្តជំរុញការគ្រប់គ្រងសហគមន៍កសិកម្ម ដោយត្រូវពង្រឹងសមត្ថភាពយល់ដឹងពីការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយបញ្ចូលទាំងការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គ និងការធ្វើពិពិធកម្មកសិកម្មប្រកបដោយភាតរបរិស្ថាន និងសហគមន៍ទេសចរណ៍ជាដើម។
 
ទី៨. ត្រូវពង្រឹងសមត្ថភាព គុណភាពការងារ មនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ និងការបំពេញភារកិច្ចរបស់មន្រ្តីរាជការស៊ីវិលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រៀបចំ ចាត់ចែង ដឹកនាំ និងគ្រប់គ្រងមន្រ្តីឲ្យបានសមរម្យតាមលក្ខណសម្បត្តិមូលដ្ឋាន និងត្រូវចងចាំនិងអនុវត្តអនុសាសន៍ដ៏ត្រចះត្រចង់របស់សម្តេចតេជោសែន ដែលបានលើកឡើងថា “ រួសរាយតែមិនរុកគួន ញញឹមតែមិនញាំញី ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងប៉ែស ” ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 142

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 244

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 321

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 293

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 282

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 294

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 281

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 321

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 473

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 496

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 498

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 519

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...