នៅថ្ងៃទី ២ ខែ មករា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៩ ដល់ ម៉ោង ១០ និង ៣០ នាទី ព្រឹក ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតជូន ឯកឧត្ដមMa Mingquiang អគ្គលេខាធិការនៃ ASEAN China Centre (មជ្ឈមណ្ឌលអាស៊ាន-ចិន) និងលោកស្រីWang Jin មន្ដ្រីក្រសួងវប្បធម៌ចិន ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅទីស្ដីការក្រសួង ។
បន្ទាប់ពីបានសម្ដែងការគួរសមរួចមក ឯកឧត្ដម Ma Mingquiang បានជម្រាបថាមជ្ឈមណ្ឌលខាងលើជាអង្គការអន្ដរ រដ្ឋាភិបាល ដែលបង្កើតឡើងដោយរដ្ឋជាសមាជិកអាស៊ានទាំង ១០ និងចិន នៅឆ្នាំ ២០១១ ដោយមានគោលបំណងបម្រើ និង ជំរុញកិច្ចសហប្រតិបត្ដិការរវាងរដ្ឋជាសមាជិកអាស៊ាន និងប្រទេសចិន ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងទេស ចរណ៍ ហើយគោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីជំរុញអនុវត្ដឱ្យចេញជាផ្លែផ្កានូវកិច្ចសហប្រតិបត្ដិការវិនិយោគ ក្នុងវិស័យកសិកម្ម បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅទីក្រុងប៉េកាំង ។ ភាគីលោកដឹងច្បាស់ថាកម្ពុជាមានវិស័យ កសិកម្មជាស្នូលសេដ្ឋកិច្ច ហើយកំពុងបង្កើនការនាំចេញផលិតផលកសិកម្មជាប្រចាំ ហើយចិនក៏ជាប្រទេសកសិកម្មមានបច្ចេកវិទ្យា ទំនើបមួយចំនួន ដែលរំពឹងថានឹងអាចមានសក្ដានុពលក្នុងការអនុវត្ដកិច្ច្ចសហប្រតិបត្ដិការ ដើម្បីភាពរីកចម្រើនរួមគ្នា ។
ដើម្បី សន្ដិសុខស្បៀង ចិនព្យាយាមបង្កើនផលិតកម្ម និងបន្ដនាំចូលស្រូវអង្ករ ។ នាពេលថ្មីៗនេះ គេបានបង្កើត ASEAN Investment Consortium ជា Umbrella organization ដោយមានសមាជិកជាអ្នកវិនិយោគឆ្នើម ដែលត្រូវបានជ្រើសរើសពីក្នុងចំណោម បណ្ដាញវិនិយោគិនចិនប្រមាណ ៣៥,០០០ ។ សម្រាប់កិច្ចការប្រទេស មជ្ឈមណ្ឌលនេះបានបង្កើត Cambodia Investment consortium គ្រប់គ្រងដោយគម្រោងមួយ ដែលមានថវិកា ៣៨,០០០ លានយន់ ដែលផ្ដោតលើវិស័យជាច្រើន រួមទាំងកសិកម្ម។
កម្ពុជាអាចប្រើប្រាស់ទីនោះដើម្បីបង្ហាញពិភពលោកឱ្យឃើញ និងយល់ដឹងកាន់តែច្បាស់អំពីផលិតផល និងសក្ដានុពលភាពកសិកម្ម របស់ខ្លួន។ មានក្រុមហ៊ុនចិនជាច្រើនចាប់អារម្មណ៍អំពីការវិនិយោគលើការផលិត ឆ្លាក់ និងនាំចេញគ្រឿងសង្ហារឹមដែលអាចបន្ថែម តម្លៃរហូតដល់ ២ ដង ហើយអាចប្រើប្រាស់វត្ថុធាតុដើមតិចជាង រហូតដល់ ៣ ដង បើប្រៀបធៀបនឹងតម្លៃ និងរបៀបផលិត សព្វថ្ងៃ។ ភាគីចិនក៏បានលើកជាជម្រើសដើម្បីជំរុញលើកទឹកចិត្ដកសិករដែលមានដីស្រែចម្ការតូចឱ្យផ្គុំចូលគ្នាក្នុងទម្រង់ជា សហករណ៍ ឬ សហគមន៍កសិកម្ម ហើយធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុន ។ ព្រោះថាគឺជាការលំបាកនឹងបង្កើនផលិតភាព និង ទិន្នផលសម្រាប់ ដីស្រែចម្ការតូចៗ មានន័យថា ជាការចំបាច់ដែលត្រូវបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រឿងយន្ដកសិកម្ម និង ធាតុចូលល្អៗ ។ ចិនមានបទពិសោធន៍ធ្វើឱ្យទិន្ន ផលស្រូវនៅឥណ្ឌូណេស៊ីដែលធ្លាប់តែបាន៥-៦ តោន ឱ្យកើនរហូតដល់ ១៣,៥ តោន/ហិកតា ។ គេ បានបង្កើនមជ្ឈមណ្ឌល ផលិតពូជស្រូវនៅប្រទេសហ្វីលីពីន ព្រោះចិនមានលក្ខខណ្ឌអាកាសធាតុខុសពីប្រទេសអាស៊ាន។ ចិនក៏ តែងយកចិត្ដទុកដាក់អំពី ការទប់ស្កាត់ការធ្វើឱ្យខូចបរិស្ថាន ជាពិសេស ឱនភាពដីដូចជាការហូរច្រោះជាដើម ។
ឯកឧត្ដរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងក្ដីសោមនស្សរីករាយដោយបានជ្រាបអំពីបំណងល្អរបស់ភាគីចិន ក្នុងការជំរុញ អនុវត្ដកិច្ចសហប្រតិបត្ដិការ ជាពិសេសលើវិស័យកសិកម្ម ។ រាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្ដទុកដាក់ខ្លាំងលើសន្ដិសុខស្បៀង ដោយ មានវិស័យកសិកម្មជាផ្នែកដ៏សំខាន់នៅក្នុងយុទ្ធសាស្ដ្រចតុកោណ ។ កម្ពុជាមានបំណងនាំចេញអង្ករឱ្យបានយ៉ាងតិច ១ លានតោន ត្រឹមឆ្នាំ ២០១៥ ហើយឆ្នាំទៅ យើងនាំចេញបានតែប្រមាណ ០,៤ លានតោន ។ ដូច្នេះ គឺត្រូវជំរុញ និងបង្កលក្ខណៈងាយស្រួលជូន វិនិយោគិនក្នុងស្រុក និងមកពីបរទេសឱ្យបង្កើនការវិនិយោគលើផលិតកម្ម កែច្នៃ និងនាំចេញអង្ករ ។ ដើម្បីជំរុញវិនិយោគ និង កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលធ្លាប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ប៉ុន្ដែទើបនឹងផ្អាក ។ ឯកឧត្ដមរំពឹងថាភាគីចិននឹងផ្ដោតលើការកែច្នៃ និងបម្លែង ឬ កិនស្រូវជាអង្ករ ហើយនាំចេញ ។ មានវិនិយោគិនជាច្រើនបាន និងកំពុងផ្ដោតលើម៉ាស៊ីនកិិនស្រូវ តែគេពុំប្រាកដថា អាចប្រមូលទិញស្រូវដែលមានគុណភាពបានគ្រប់គ្រាន់ ។ ដូច្នេះត្រូវគិតគូរឱ្យបានល្អ ហើយបើអាច គួរធ្វើការសិក្សាអង្កេតពិនិត្យ អំពីស្ថានការណ៍ជាក់ស្ដែង និងកិច្ចការដែលគួរអនុវត្ដ ឬ ពង្រឹង ។
បន្ទាប់ពីភាគីចិនបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួប និងគោរពអញ្ជើញឯកឧត្ដម រដ្ឋមន្ដ្រី និងសហការីចូលរួមទស្សនាការសម្ដែងសិល្បៈវប្បធម៌ជនជាតិភាគតិច ដែលរៀបចំដោយក្រសួងវប្បធម៌ចិន នៅសាល សន្និសីទចតុមុខ នៅម៉ោង ១៩ និង ៣០ នាទី នាថ្ងៃដដែលនេះ ជំនួបពិភាក្សា ខាងលើត្រូវបានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់ ។