នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ វារីវប្បករចិញ្ចឹមត្រីប្រា ត្រីរ៉ស់ និងត្រីឆ្តោ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយមានការចូលរួម លោកអភិបាលរង លោកនាយករដ្ឋបាលសាលាស្រុក រដ្ឋបាលសាលាស្រុកសូទ្រនិគម ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ក្រុមការងារសម្របសម្រួល និងគ្រូបង្គោលរបស់គម្រោងខាបហ្វីស - អាក្វ័រខាល់ឆ័រ ប្រចាំខេត្តសៀមរាប។
នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារជំនាញបានចុះពិនិត្យទីតាំងកសិដ្ឋានចំនួន០២កន្លែង រួមមាន វារីវប្បករ លោក ហ៊ូវ សាវី នៅឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម មានកសិដ្ឋានផ្ទៃដីចំនួន៣ហិកតា មានស្រះចំនួន៦ សម្រាប់ចិញ្ចឹមត្រីប្រាចំនួន១៥ម៉ឺនកូន។ ចំណែក វារីវប្បករ លោកសុង ហុកវ៉ាន់ នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានផ្ទៃដីសរុបទំហំ ២,៥ហិកតា ស្រះចំនួន៤ និងចិញ្ចឹមប្រភេទត្រីប្រាចំនួន១០ម៉ឺនកូន និងត្រីឆ្តោចំនួន២០ម៉ឺនកូនផងដែរ។
នាឱកាសនោះ ឯកឧត្ដម ឃុន សាវឿន បានណែនាំឱ្យមានការចងក្រងជាសហគមន៍វារីវប្បកម្ម ដោយមានការសម្របសម្រួលពីកំពង់ឃ្លាំង ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរស្រុក ដើម្បីងាយស្រួលក្នុងការទទួលយកបច្ចេកទេសធ្វើវារីវប្បកម្ម ការទិញចំណីវារីសត្វរួម ការធ្វើកាលវិភាគចិញ្ចឹម ការជ្រើសរើសពូជវារីសត្វ ការធ្វើទីផ្សារ និងការទទួលបានកម្ចីការប្រាក់ទាបជាដើម៕