នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ប្រជាសហគមន៍មូលដ្ឋាន និងតំណាងនៃ Mandai Nature ដែលជាម្ចាស់ជំនួយគាំទ្រការងារអភិរក្សសត្វល្មូនដែលរួមមានអណ្តើកហ្លួងនិងក្រពើត្រីនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។
មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលមានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាទីកន្លែងមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួងនិងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈអធិបតី បានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ក្នុងនោះ អណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេងដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។
អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១០០ ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។
រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕