ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយកសិករតម្បាញ ចំនួន២២៩គ្រួសារនៅ ឃុំតាភេម ស្រុកត្រាំកក់ ។ ការជួបនេះ ត្រូវបានពន្យល់ថា ជាផ្នែកមួយនៃការលើកទឹកចិត្ដនិងជំរុញដល់កសិករដែលមានមុខរបរបន្ថែម ។
លោកស៊ុំ ផាសឺត ក្រុមប្រឹក្សាឃុំតាភេមបានឱ្យដឹងថា ឃុំនេះមានផ្ទៃដីចំនួន៣.៤៧៣,៦០ហិកតា ក្នុងនោះផ្ទៃដីស្រែចំនួន២.៩១២ ហិកតា ។ ប្រជាជនសរុប៣.០០៨គ្រួសារស្មើនឹង១៥.១៤៦នាក់។ក្រៅពីការធ្វើស្រែ ប្រជាជននៅទីនោះបានប្រកបរបរផ្សេងទៀតដូចជាដាំដំណាំចិញ្ចឹមសត្វ និងរកស៊ីបន្ដិចបន្ដួច ។ លោកផា សឺត បានឱ្យដឹងទៀតថា ដោយមានការជួយគ្រប់បែបយ៉ាងពីសំណាក់ឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្ម និងមន្ដ្រីក្រុមការងារគណបក្សប្រជាជនជាប់ជាប្រចាំនោះ កសិករបានទទួលនូវចំណេះដឹងលើការចិញ្ចឹមសត្វ ថែទាំសត្វហើយអ្វីដែលជាមុខរបរថ្មីមួយទៀត គឺតម្បាញជាលក្ខណៈគ្រួសារ។
ឯកឧត្ដមបន្ដទៀតថា មុខរបរថ្មីនេះកសិករអាចរកចំណូលបានគួរសម ។ ប៉ុន្ដែខណៈនេះដោយមានអ្នកតម្បាញច្រើនបានធ្វើឱ្យផលិតផលនេះនៅសល់ច្រើន ដែលទាមទារការពង្រីកទីផ្សារថែមទៀត ។ ឯកឧត្ដមបន្ដថា នៅពេលនេះក្រមាអ្នកភូមិនៅសល់ប្រមាណ១.៩៥០ក្រមា។
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានប្រាប់អ្នកភូមិថា អ្វីដែលគួរឱ្យបារម្ភមិនមែនផលិតផលនៅសល់នោះទេសំខាន់គឺយើងមានមុខរបរបានជំនាញមួយថ្មីទៀតក្រៅពីធ្វើស្រែ ។ ឯកឧត្ដមបានប្រាប់អ្នកភូមិថា ឯកឧត្ដមទទួលទិញក្រមាដែលនៅសល់នោះទាំងអស់និងឱ្យតម្លៃលើសទីផ្សារចំនួន៥០០រៀលក្នុងក្រមាមួយទៀតផង ។ក្រមាដែលឯកឧត្ដមរដ្ឋមន្ដ្រីទទួលទិញនោះមួយតម្លៃ៦.៥០០រៀល ។ ឯកឧត្ដមបានលើកទឹកចិត្ដដល់កសិករឱ្យបន្ដខិតខំក្នុងមុខរបរថ្មីនេះជាមួយនឹងបង្កើនមុខរបរផ្សេងទៀតដែលនៅជិតផ្ទះនិងអាចធ្វើបាន ។ ឯកឧត្ដមបានពន្យល់ថា ធ្វើការងារនៅជិតផ្ទះវាប្រសើរជាងការងារធ្វើចំណាកស្រុក ដែលប្រឈមនឹងបញ្ហាច្រើន ក្នុងនោះមានសុវត្ថិភាពខ្លួនឯង សុភមង្គលក្នុងគ្រួសារនិងជំងឺជាដើម ៕