ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅលោកង៉ោ ប៊ុនថានជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាថា ឯកឧត្ដមសូមឱ្យមានការកែសម្រួលកម្មវិធីសិក្សា របស់សាកលវិទ្យាល័យមួយនេះ សម្រាប់និស្សិត ដើម្បីឱ្យពួកគេក្រោយបញ្ចប់ការសិក្សាអាចរកការងារជាក់ស្ដែងបាន ។
ក្នុងពិធីប្រកាសចូលកាន់តំណែង ជាសាកលវិទ្យាធិការភូមិន្ទកសិកម្មរបស់លោក ង៉ោ ប៊ុនថាន នោះឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានជូនជាយោបល់ថា ពាក់ព័ន្ធ នឹងកម្មវិធីសិក្សា ឯកឧត្ដមសុំឱ្យកែសម្រួលរៀបចំដើម្បីតម្រូវការទីផ្សារជាអាទិ៍ មហាវិទ្យាល័យវិទ្យាសាស្ដ្រកសិកម្ម ត្រូវមុខវិជ្ជាកៅស៊ូ ឱ្យបានស៊ីជម្រៅ ព្រោះអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កំពុងត្រូវការបុគ្គលិកច្រើនណាស់ហើយមហាវិទ្យាល័យវេជ្ជសាស្ដ្រសត្វ វិទ្យាសាស្ដ្រជលផល និងវិទ្យាសាស្ដ្រព្រៃឈើ ក៏ត្រូវគិតគូរដែរការកកើតឡើងវិញនៃថាមពលថ្មី ការប្ដូរពូជសត្វ។ល។
ឯកឧត្ដមបន្ដទៀតថា សារណាបញ្ចប់ការសិក្សាត្រូវការប្រែប្រួល។ សុំឱ្យនិក្ខេបបទទាំងអស់នោះពេលដែលនិស្សិតសរសេរចប់ ជាឯកសារអាចប្រើប្រាស់បាននៅតាមឃុំ ស្រុក ហើយអគ្គនាយកដ្ឋានកសិកម្មរដ្ឋបាលព្រៃឈើរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានកៅស៊ូត្រូវគិតគូរពីប្រធានបទនេះ។
ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានស្នើសុំ ឱ្យសាស្ដ្រាចារ្យរៀបចំកម្មវិធីសិក្សាឡើងវិញឱ្យទាន់សម័យ។ រៀបចំយ៉ាងណាដើម្បីទាក់ទាញនិស្សិត។ ឯកសារបង្រៀនត្រូវកែសម្រួលឱ្យសមស្របទៅនឹងការវិវត្ដន៏នៃវិទ្យាសាស្ដ្របច្ចុម្បន្នហើយត្រូវតម្កល់ទុកនៅតាមមហាវិទ្យាល័យ ។ គុណភាពសាស្ដ្រាចារ្យក៏ត្រូវធ្វើឱ្យប្រសើរឡើងដែរ ។ និស្សិតទាំងអស់ត្រូវចេះភាសាអង់គ្លេសនិងកុំព្យូទ័រ។
ថ្លែងសម្រាប់លោក សកលវិទ្យាធិការនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានសុំឱ្យលោកសកលវិទ្យាធិការថ្មី យកបទពិសោធន៏ ដែលធ្លាប់កើតមានជាមេរៀនសម្រាប់ការគ្រប់គ្រង ជារួមត្រូវមានសាមគ្គីភាពតម្លាភាព។ មានតម្លាភាពនាំឱ្យយើងមានសាមគ្គីភាព យើងមិនអាចដើរតែឯកឯងបានទេ បើសិនមិនមានការចូលរួម ដូចនេះសកលវិទ្យាធិការថ្មី។ សុំឱ្យសកលវិទ្យាល័យសហការជាមួយអង្គភាពជំនាញ និងរកដៃគូរជាតិ អន្ដរជាតិ ឱ្យបានច្រើនដើម្បីឱ្យគេជួយ មិនអាចឯកោបានទេ៕