នៅរសៀលថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៧ នេះ នៅវិទ្យាល័យ ហ៊ុនសែន ចារថ្មី ភូមិចារថ្មី ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះ មូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៧០០នាក់។ សូមបញ្ចាក់ថា វេទិកានេះគឺមានគោលបំណងដើម្បីត្រួតពិនិត្យ និងតាមដាននូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងពីការវិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍន៍នានា ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី។ នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចារថ្មី ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាប្រឈម ដូចជា ការខូចខាតផ្លូវលំ លូ និងខ្វះខាតគ្រឿងបរិក្ខាក្នុងសាលារៀន។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមដោះស្រាយពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយចាត់វិធាន និងបន្តតាមដានចំពោះការអនុវត្តសំណើទាំងនេះ។