នៅថ្ងៃទី0៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំពិសេសលើកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន (SSOM-45th AMAF) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំពិសេសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពកិច្ចការងារ របស់ក្រុមការងារតាមអនុវិស័យនីមួយៗ ក្រុមការងារជំនាញបច្ចេកទេស វឌ្ឍនភាពការងារជាមួយដៃគូសន្ទនារបស់អាស៊ាន និងអង្គការអន្តរជាតិនានា រួមទាំងការពិនិត្យលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាស៊ាន និង FAO និងអាស៊ាន-ចិន ព្រមទាំងបានពិនិត្យលើឯកសារបច្ចេកទេស គោលការណ៍ណែនាំបច្ចេកទេស សេចក្ដីថ្លែងការណ៍រួមផ្សេងៗ ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៦ នៅពេលខាងមុខ។
ជាមួយនឹងប្រទេសសមាជិកអាស៊ាន កម្ពុជាបានចូលរួមពិភាក្សាតាមរបៀបវារៈនៃកិច្ចប្រជុំពិសេសនេះ និងបានផ្ដល់មតិយោបល់ និងធាតុចូលលើឯកសារ សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកកំពូលអាស៊ាន ឯកសារបច្ចេកទេស គោលការណ៍ណែនាំបច្ចេកទេស ក្នុងន័យលើកកម្ពស់ការអនុវត្តន៍នៃឯកសារទាំងនោះ ដែលនឹងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ាន សំដៅជំរុញពាណិជ្ជកម្ម កសិកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងតំបន់ និងក្រៅតំបន់អាស៊ាន៕