ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការសហការជាមួយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយ អង្គការអុកស្វាមកម្ពុជា (Oxfam) និងអង្គការ HESK បានរៀបចំសិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម និងចំណីអាហារ” ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៅសណ្ឋាគារសោមាទេវី ខេត្តសៀមរាប។ សិក្ខាសាលានេះ មានអ្នកចូលរួមចំនួនសរុប២០០នាក់ អញ្ជើញមកពីតំណាងអង្គការសមាជិកបណ្តាញអភិវឌ្ឍន៍សន្តិសុខស្បៀង និងសុវត្ថិភាពស្បៀងនៅកម្ពុជា (NDF-C) តំណាងនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងតំណាងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំង ២៥ខេត្ត/ក្រុង ព្រមទាំងកសិករ អង្គការសង្គមស៊ីវិល វិស័យឯកជន សាកលវិទ្យាល័យ ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ។
សិក្ខាសាលានេះ ជម្រុញការផ្សព្វផ្សាយការយល់ដឹងពីបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងការលើកកំពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងផ្តល់ឱកាសក្នុងការពិភាក្សាប្រមូលធាតុចូលពីភាគីពាក់ព័ន្ធលើប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា។ ក្រៅពីនេះ ពង្រឹងកិច្ចសហការ និងភាពជាដៃគូ រវាងកសិករ អង្គការសង្គមស៊ីវិល វិស័យឯកជន សាកលវិទ្យាល័យ ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នរាជរដ្ឋាភិបាល។