នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម នៃ ចារី អភិបាលរងនៃគណអភិបាលខេត្ត ចូលរួមក្នុងពិធីបើកផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព នៅក្នុងក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ អាជីវករ ក្រុនហ៊ុន កសិករ និងសហគមន៍ផលិតបន្លែសុវត្ថិភាពមានចំនួន ២៥០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីផលិតកម្មបន្លែសុវត្ថិភាព រួចមក ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីលទ្ធផលនៃការអនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងនៅទូទាំងខេត្តគោលដៅ និងជាពិសេសខេត្តកណ្តាល។ ឯកឧត្តមបានបន្តទៀតថាគម្រោងនេះ បានទទួលថវិកាឧបត្ថម្ភចំនួនទឹកប្រាក់២០,២៥ លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជាយកមកអនុវត្តក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងបំណងសំខាន់គឺផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាពឱ្យទីផ្សារក្នុងខេត្ត និងទីផ្សាររាជធានីភ្នំពេញ និងឈានទៅកាត់បន្ថយការនាំចូល។
ដោយឡែកគោលបំណងនៃពិពណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាពនាថ្ងៃនេះគឺ
ទី១. ផ្តល់ឱកាសឲ្យអ្នកផលិតដាក់តាំងបង្ហាញផលិតផលរបស់ពួកគាត់ដល់សាធារណៈជន
ទី២. ស្វែងរកទីផ្សារដើម្បីលក់ផលិតផលតាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាព និងតម្លៃតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ទី៣. ជំរុញការផលិតបន្លែនិងផលិតផលតាមបច្ចេកទេស ស្តង់ដារត្រឹមត្រូវ ធានាគុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវវចិត្តអ្នកបរិភោគ និងទីផ្សារក្នុងស្រុក
ទី៤. ជំរុញនិងលើកទឹកចិត្តអ្នកដាំ ឱ្យផលិតបន្លែសុវត្ថិភាព ធានានិរន្តរភាពបរិមាណផ្គត់ផ្គង់ និងធានាជូនអ្នកបរិភោគអំពីសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ
ទី៥. ផ្តល់ឱកាសឲ្យមន្រ្តីជំនាញ អ្នកផលិត សហគមន៍ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មបានជួបនិងពិភាក្សាគ្នា ផ្លាស់ប្តូរបទពិសោធន៍ ដោះស្រាយបញ្ហាផ្សេងៗ ស្វែងរក និងសិក្សាបន្ថែមពីបច្ចេកទេសធ្វើយ៉ាងណាផលិតផលិតផលធានាបានទាំងបរិមាណ គុណភាព អនាម័យ និងសុវត្ថិភាពបន្លែ និងផលិតផលផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថាក្នុងឆ្នាំ២០១៨ ទីផ្សារទាំង១៨ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ ទៀត ត្រូវការបន្លែចំនួន ៥៤៣តោនក្នុង១ថ្ងៃ ក្នុងនោះ ៤០០តោនគឺជាផលិតផលក្នុងស្រុក និង១៧០តោន ទៀតត្រូវបាននាំចូលពីបរទេសមានវៀតណាម ថៃ និងចិន។ ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ និងកម្រិតជីវភាពកាន់ល្អប្រសើរ ធ្វើឱ្យនិន្នាការនៃការបរិភោគបន្លែចាំបាច់ត្រូវមានការប្រែប្រួលដោយស្វៃប្រវត្តិពីអសុវត្ថិភាព ទៅជាសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីសុខភាព។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីបង្គោលអនុវត្តគម្រោង អ្នកផលិត អាជីវករ និងអ្នកបរិភោគ ឱ្យយកចិត្តទុកដាក់ និងខិតខំអនុវត្តបន្ថែមទៀតលើចំណុចគន្លឹះសំខាន់ៗដូចតទៅ÷ - បន្តជំរុញការផលិតបន្លែ និងផលិតផលផ្សេងៗទៀតឱ្យត្រឹមត្រូវតាមស្តង់ដារទីផ្សារដើម្បីបង្កើនឧត្តមភាព ប្រកួតប្រជែង និងលើកកម្ពស់តម្លៃបន្ថែម។ -ជំរុញការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម តាមរយ:បន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនបនិសោធន៍។ -លើកកម្ពស់ការកែច្នៃ វេចខ្ចប់ និងរក្សាទុកផលិតផលក្នុងម៉ាស៊ីនត្រជាក់តាមស្តង់ដារឱ្យបានសមស្របតាមតម្រូវចិត្តអ្នកបរិភោគនិងទីផ្សារ។ -ជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម កសិដ្ឋាន និងកសិករគំរូ តាមរយ:ការរៀបចំផែនការផលិតកម្ម ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់មាននិរន្តរភាព ជាពិសេសជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។